សមិទ្ធផលថ្មីសន្លាង ស្ពាន យាយអួន កៀនស្រែជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣

6 May 2023

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ រួមជាមួយឧបាសិកា ហៀ អួន បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានយាយ អួន កៀនស្រែ (ស្ពានយោល) និងផ្លូវបេតុងមួយខ្សែ” នាព្រឹកថ្ងៃសុក្រ ១ រោច ខែពិសាខ ឆ្នំាថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នំា២០២៣ នៅភូមិមុខឈ្នាង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ពិធីនេះ មានការចូលរួមពីសប្បុរសជន តំណាងគណៈពង្រឹងឃុំ លោកអភិបាលស្រុកភ្នំស្រុក លោកមេឃុំស្ពានស្រែង លោកមេឃុំត្រាំសសរ ប្រជាពលរដ្ឋមកពីឃុំស្ពានស្រែងនិងឃុំត្រាំសសរ ព្រមទាំងព្រះសង្ឃ និងយាជីតាជី សរុបប្រមាណ ៤០០ នាក់។
ស្ពានយាយអួន កៀនស្រែ (ស្ពានយោល) ដែលសម្ពោធបើកឱ្យប្រើប្រាស់នាថ្ងៃនេះ មានប្រវែង ១៦៣,៥ ម៉ែត្រ និងទទឹង ២ ម៉ែត្រ និងផ្លូវបេតុងមួយខ្សែប្រវែង ៣០០ ម៉ែត្រអមសាងខាងស្ពាន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ដើម្បីជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ដែលស្ពាននេះ តភ្ជាប់ស្រុកចំនួនពីរ ដែលខាងលិចស្ពានស្ថិតនៅក្នុងភូមិមុខឈ្នាង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងខាងកើតស្ពានស្ថិតនៅក្នុងភូមិកៀនស្រែ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។ ស្ពានយាយអួន កៀនស្រែ បានចាប់ផ្តើមសាងសង់ នៅថ្ងៃទី១១ ខែមិថុនា និងរួចរាល់ជាស្ថាពរ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល៦ខែ។
ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការកសាងស្ពាន និងផ្លូវ គឺមានបច្ច័យវិជ្ជមានច្រើនជាងអវិជ្ជមាន ទាំងផ្លូវពុទ្ធចក្រនិងអណាចក្រ ដែលបច្ច័យអវិជ្ជមាន គឺអ្នករត់ទូកដរបាត់ចំណូល ហើយអាចជេរដាក់បណ្តាសាអ្នកកសាងស្ពាន ប៉ុន្តែផ្ទុយទៅសម្រាប់បច្ច័យវិជ្ជមាន គឺមានច្រើនលើសលប់ដែលផ្តល់ប្រយោជន៍ដល់សាធារណជនទូទៅប្រើប្រាស់។ ស្ពានមានសារៈសំខាន់ខ្លាំង សម្រាប់ការធ្វើដំណើរ ដោយពុំមានការរំខានត្រូវឆ្លងទូកដ កាណូត សាឡាង ជាដើម។ ស្ពានជួយសម្រួលការធ្វើចរាចរដោយមិនចាំបាច់ឈប់ មិនពិបាករង់ចាំ សន្សំសំចៃពេលវេលា និងថវិកា។ ស្ពានមានអត្ថប្រយោជន៍ច្រើនបម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទាំងគ្រហត្ថ ទាំងសង្ឃ។ ស្ពានទ្រទ្រង់សេដ្ឋកិច្ច ដើម្បីអភិវឌ្ឍឱ្យមានការរីកចម្រើនទាំងអាណាចក្រ ទាំងពុទ្ធចក្រ ស្របដូចសេចក្តីមានក្នុងគម្ពីរព្រះថត្រៃយ៍បិដកដែលសម្តែងអំពីអានិសង្សស្ពាន។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ពាក្យថាស្ពាន គឺមានជាយូរមកហើយ ចាប់តាំងពីសម័យព្រះពុទ្ធ មានន័យថា ២៥៦៦ ឆ្នាំមុនមកម៉្លេះ។ ការកសាងស្ពាននៅស្រុកខ្មែរ គឺមានតាំងពីសម័យហ្វូណន សម័យជេនឡា សម័យមហានគរ និងសម័យក្រោយមហានគរ ជាពិសេសសម័យតេជោសែននេះ មានស្ពានច្រើនលើសលប់ ព្រមទាំងស្ពានអាកាសជាច្រើនថែមទៀត។ ការសាងសង់ស្ពាន និងផ្លូវ គឺជាបុណ្យកុសល្យដ៏ធំ ពីព្រោះថា ស្ពាន និងផ្លូវ គឺមានសារៈសំខាន់ខ្លាំង ដោយបានផ្តល់ផលប្រយោជន៍យ៉ាងធំធេង ជូនដល់សាធារណជនទូទៅដែលសកម្មភាពជាកុសល្យនេះ នឹងជួយចម្លងយើងទៅរកការរីកចម្រើន សំបូរសប្បាយទាំងជាតិនេះ និងជាតិខាងមុខ “មានផ្លូវ មានស្ពាន គឺមានសេចក្តីសង្ឃឹម”ហើយការសាងសង់ផ្លូវ និងស្ពាននេះ គឺស្របទៅនឹងទស្សនវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍជាតិ ដោយបានកំណត់យកនូវអាទិភាពចំនួន ៤ គឺ “មនុស្ស ទឹក ផ្លូវ ភ្លើង”។ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ប្រៀបប្រដូចទៅនឹងក្បាលរទេះភ្លើងនៃកំណើនសេដ្ឋកិច្ច និងជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់ សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
កន្លងមក នៅតំបន់នេះពុំដែលមានស្ពានទេ ដោយប្រជាពលរដ្ឋធ្វើដំណើរ ត្រូវជិះក្បូនឫស្សី និងអ្នកខ្លះត្រូវហែលឆ្លងកាត់ស្ទឹង ដោយយកជីវិតប្រថុយប្រថាននឹងគ្រោះថ្នាក់ ពិសេសនៅរដូវទឹកឡើង ដើម្បីទៅប្រកបមុខរបរផ្សេងៗ ទៅមណ្ឌលសុខភាព និងទៅសាលារៀន ដែលជាការលំបាកយ៉ាងខ្លាំងបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស។ ដោយមើលឃើញពីការលំបាកនេះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងឧបាសិកា ហៀ អួន បានផ្តួចផ្តើមគំនិត និងបានសម្រេចធ្វើការសាងសង់ស្ពានយោល និងផ្លូវបេតុងសងខាងស្ពាននេះឡើង ដើម្បីជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងដោយមានការចូលរួមពីសប្បុរសជនជាច្រើនទៀត។
ឯកឧត្តមបណ្ឌិត កៅ ថាច បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ស្ពាននេះ ឱ្យបានសមស្របតាមសមត្ថភាពស្ពានដែលអាចទ្រទម្ងន់បាន ចៀសវាងការផ្ទុកលើសទម្ងន់ និងត្រូវចូលរួមថែរក្សាការពារស្ពាន និងផ្លូវនេះ ដើម្បីជាប្រយោជន៍សម្រាប់ការប្រើប្រាស់បានយូរអង្វែង។
ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងឧបាសិកា ហៀ អួន បាននាំយកនូវអំណោយមួយចំនួន ចែកជូនបងប្អូនប្រជាពលរដ្ឋ និងតាជីយាយជីផងដែរ។