ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម កំពុងយកចិត្តទុកដាក់ក្នុងការផ្តល់ឥណទានបៃតងដល់ប្រជាពលរដ្ឋ

14 December 2023

ថ្លែងនៅក្នុងពិធីបិទ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នំា២០២៣និងកំណត់ទិសដៅឆ្នំា២០២៤កាលពីថ្ងៃទី១២ខែធ្នូនេះ ថ្នាក់ដឹកនាំកំពូលនៃធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម បានលើកទឹកចិត្តឱ្យមានការធ្វើពិពិធកម្មផលិតផលរបស់ធនាគារដើម្បីឱ្យស្របទៅនិងខ្សែស្រវាក់ផលិតកម្ម ជាពិសេសបានជំរុញឱ្យមានការផ្តល់ឥណទានបៃតងឱ្យបានច្រើន។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម មានប្រសាសន៍ថា «យើងត្រូវធ្វើយ៉ាងណា ធ្វើពិពិធកម្មផលិតផលរបស់យើងទៅតាមខ្សែច្រវាក់ ផលិតកម្ម កសិកម្មបន្ថែមទៀត ពិសេសយើងត្រូវជំរុញការផ្តល់ឥណទានបៃតងឱ្យបានច្រើន ដើម្បីដើរឱ្យស្របទៅនឹងការវិវត្តនៃពិភពលោករបស់យើង បាននិងកំពុងធ្វើដំណើរទៅរកឥណទានបៃតង។តាមរយៈឥណទានបៃតងនេះ ខ្ញុំសង្ឃឹមថានឹងទាក់ទាញប្រភពទុនផ្សេងទៀតចូលមកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្តល់ជូនអតិថិជនរបស់យើងដែលជាប្រជាកសិករថែមទៀត»។
ដើម្បីឱ្យប្រទេសកម្ពុជាដើរឱ្យស្របទៅនឹងការវិវត្តនៃពិភពលោក បាននិងកំពុងធ្វើដំណើរទៅរកឥណទានបៃតង, ឯកឧតម្ត ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នំា២០២៣និងកំណត់ទិសដៅឆ្នំា២០២៤ សម្រាប់នៅឆ្នំានេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានលើកយកប្រធានបទ ជំរុញហិរញ្ញប្បទានបៃតងដើម្បីការអភិវឌ្ឍប្រកបទៅដោយចីរភាព គឺជាប្រធានបទមួយដែលបណ្តាប្រទេសនៅទូទំាងសកលលោកបាននិងកំពុងយកចិត្តទុកដាក់ រិះរកគ្រប់វិធានការដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហាទៅនិងប្រធានបទនេះប្រកបទៅដោយប្រសិទ្ធភាព។
ឯកឧតម្ត សង្កត់ធ្ងន់ថា«នៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាគឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសរងផលប៉ះពាល់ខ្លំាងពីបម្រែបម្រួលអាកាសធាតុ ដោយហេតុថាប្រជាជនកម្ពុជាភាគច្រើនបានប្រកបរបរចិញ្ចឹមជីវិត ដោយពឹងផ្អែកទៅលើវិស័យកសិកម្ម ពិសេសគឺដំណាំស្រូវ»។