ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ចុះបំពេញការងារដេីម្បីពិនិត្យវឌ្ឍវនភាព​ និងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រ​ដែលសិប្បកម្មនេះជាដៃគូ

15 July 2024

សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តដំណេីរ​ចុះបំពេញការងារដេីម្បីពិនិត្យវឌ្ឍវនភាព​ និងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រ​ មានទីតាំង​នៅសង្កាត់ជ្រាវ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ដែលសិប្បកម្មនេះជាដៃគូ​របស់ធនាគារ​ ARDB។ សិប្បកម្មនេះ​ ត្រូវបានបង្កេីតឡេីង ដោយសហគមន៍កសិកម្មសម្ព័ន្ធខ្មែរអង្គរ​ នៅឆ្នាំ២០១៩​ ក្នុងគោលបំណងផលិតជីសរីរាង្គដែលមានគុណភាពផ្គត់ផ្គង់ជូនសមាជិក​សហគមន៍ និងប្រជាកសិករ។​ លោកប្រធានសហគមន៍​បានឱ្យដឹងថា​ ការចាប់ផ្តេីមផលិតជីសរីរាង្គផ្ទះពេជ្រ​ គឺចំពេលដែលពិភពលោកជួបបញ្ហាប្រឈមខ្លាំងដោយជំងឺកូវីដ១៩​ និងបន្ទាប់មកទៀតបញ្ហាសង្រ្គាមរុស្សីនិងអ៊ុយក្រែន​ ប៉ុន្តែក៏ផ្ដល់ឱកាសដល់សហគមន៍ក្នុងការចាប់យកទីផ្សារ​ ដែលបច្ចុប្បន្ន​សិប្បកម្មមានសមត្ថភាពផលិតជីសរីរាង្គមានគុណភាពបានពី​ ៥​ ទៅ​ ៦​ តោនក្នុង១ថ្ងៃ​ និងផ្គត់ផ្គង់ទីផ្សារតាមបណ្តាខេត្ត​មួយចំនួន រួមមាន​ ខេត្តសៀមរាប​ កំពង់ធំ​ ព្រះវិហារ​ កំពង់ចាម​ និងពោធិ៍សាត់។ សហគមន៍មានគម្រោងពង្រីកសមត្ថភាពបន្ថែម​ ដោយបំពាក់ឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិ​ ដេីម្បីកាត់បន្ថយកម្លាំងពលកម្ម​ និងបង្កេីនផលិតភាព។
បន្ទាប់មក​ ឯកឧត្តមបណ្ឌិត​ និងក្រុមការងារ​ បានបន្តចុះសិក្សាស្វែងយល់ខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុនពិជ័យ​ ១៧​ ឯ.ក​ ស្ថិតនៅឃុំព្រៃជ្រូក​ ស្រុកពួក​ ខេត្តសៀមរាប។ ក្រុមហ៊ុននេះ​ ត្រូវបានបង្កេីតឡេីងនៅឆ្នាំ២០២២​ ដេីម្បីផលិតជី​កំប៉ុស្តិ និងបណ្ដុះផ្សិតសរីរាង្គសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងខេត្តសៀមរាប​ រាជធានីភ្នំពេញ​ និងបណ្តាខេត្តផ្សេងៗទៀត។​ ក្រុមហ៊ុនមានសមត្ថភាពផលិតផ្សិតបានប្រមាណ​ ១០​ តោនក្នុង១ខែ​ ឬប្រមាណ​ ពី​ ២០០​ ទៅ​ ៥០០​ គីឡូក្រាម​ក្នុង១ថ្ងៃ។