ឯកឧត្តមបណ្ឌិត​ កៅ​ ថាច បានបន្តបេសកកម្មចុះសិក្សាស្វែងយល់អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គទួលត្រពាំងស្រស់បំព្រង​

28 July 2024

ព្រៃវែង-ត្បូងឃុំ៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះសិក្សាស្វែងយល់អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គទួលត្រពាំងស្រស់បំព្រង​ ស្ថិតនៅឃុំគោគគង់លិច​ ស្រុកកញ្ចៀច​ ខេត្តព្រៃវែង​ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។ សហគមន៍មានសមាជិក​ ៨៣​ គ្រួសារ​ ដែលប្រកមមុខរបរដាំដុះបន្លែសុវត្ថិភាពសរីរាង្គ​ នៅទីវាល​ និងក្នុងផ្ទះសំណាញ់​ ដោយក្នុង១ថ្ងៃអាចផលិតបន្លែសុវត្ថិភាពបានពី​ ១​ តោនកន្លះ​ ទៅ​ ១០​ តោន​ ទៅតាមរដូវ​ ជាប្រភេទបន្លែស្លឹក​ និងបន្លែផ្លែ (រដូវវស្សាផលិតបានតិចដោយសារភ្លៀង​)។​ ទន្ទឹមនឹងនេះ​ សហគមន៍​ជួបបញ្ហា​ប្រឈម​មួយចំនួន ដូចជា​ បញ្ហា​ប្រែប្រួល​អាកាសធាតុ​ បញ្ហា​ទីផ្សារមិនមានស្ថិរភាព​ ដោយអាស្រ័យលេីឈ្មួញកណ្តាលជាអ្នកកំណត់តម្លៃ​ ហេីយមួយវិញទៀតក្រុមហ៊ុនដែលបានចុះកិច្ចសន្យាទិញមានការលំបាកក្នុងការទូទាត់ប្រាក់។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតបានចុះជួបកសិករកំពុងធ្វេីដីដាំបន្លែស្ពែចង្កឹះ​ដោយផ្ទាល់​ ហេីយតាមការសាកសួរ​ ការដាំស្ពៃនៅខែនេះ​ គឺខូចជាច្រេីនដង​ ហេីយឯកឧត្តមបណ្ឌិតបានណែនាំឱ្យកសិករដាំដំណាំឆ្លាស់វិញ​ ដូចជាបន្លែផ្លែ​ ឬផ្កាខាត់ណាវិញ​ ដែលអាចទទួលបានផលច្រេីន។
ក្នុងឱកាសនោះ​ ឯកឧត្តម​បណ្ឌិត​បានឧបត្ថម្ភថវិកាមួយចំនួនដល់សហគមន៍ផងដែរ។
បន្ទាប់មក​ ឯកឧត្តមបណ្ឌិត​ និងក្រុមការងារបានបន្តចុះពិនិត្យស្តុកស្រូវអង្ករ​ និងសកម្មភាពប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវវិញជាង​ នៅស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ដែលរោងម៉ាស៊ីននេះទទួលបាបហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល​ តាមរយៈធនាគារអភិវឌ្ឍជនបទនិងកសិកម្ម។ នៅថ្ងៃនេះដែរ​ រោង​មាស៊ីនប្រមូលទិញស្រូវពីកសិករបានប្រមាណ​ ៨០​ តោន​ ក្នុងតម្លៃចន្លោះពី​ ១០១០​ ទៅ​ ១០៧០​ រៀលក្នុង១គីឡូក្រាម​ ជាប្រភេទស្រូវ​ OM 5451 ។