ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធី “ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី”នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ

19 December 2024

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធី “ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី”នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានអញ្ជើញថ្លែងក្នុងកម្មវិធី “ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” ដែលរៀបចំឡើងនៅសណ្ឋាគាក្លាស៊ីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤នេះ គឺ ក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍អាជីវកម្មដល់សហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា។
នៅក្នុងកម្មវិធី“ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” គឺមានការអញ្ជើញចូលរួម ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណបក្សខេត្ត និងជាអភិបាល ខេត្តបាត់ដំបង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកយុវជនគណបក្ស ថ្នាក់កណ្តាល និងជាអគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលមានអ្នកចូលរួមសរុបចំនួន 108 នាក់ និងស្រី 34 នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់ទុក វេទិកាសម្រាប់កិច្ចពិភាក្សាក្នុងការត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មីនេះ គឺចំពេលដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ និងសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ និងបានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃវិស័យ សហគ្រិនភាព ដែលដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍន៍ផ្នែកសង្គម-សេដ្ឋកិច្ច ការបង្កើតឱកាសការងារថ្មី និងការជះឥទ្ធិពលវិជ្ជមានដល់ផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ រំលឹកនូវគុណបំណាច់ដ៏ថ្លៃថ្លា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន ព្រមទាំង ការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ
ប៉ិនប្រសប់ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធាន គណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដែលជាអគ្គមគ្គទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល។
ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវសុទិដ្ឋិនិយមថា កម្ពុជាអាចសម្រេចបានសមិទ្ធផលលើវិស័យសំខាន់ជាអាទិភាព រួមមានជាអាទិ៍៖ ការបង្កើតការងារ, ការលើកស្ទួយវិស័យឯកជន និង សហគ្រិនភាព, ការកសាងមូលធនមនុស្ស, ការលើកស្ទួយសេវាគាំពារសង្គម និង សុខុលមាលប្រជាជន, ការពង្រឹងចីរភាពបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ, ការជំរុញធ្វើបរិវត្តកម្មឌីជីថល ទាំងក្នុងសង្គម និងសេដ្ឋកិច្ច, ការស្តារនូវវិស័យជាចន្ទល់នៃកំណើនដែលមាន ស្រាប់ក៏ដូចជាការលើកកម្ពស់វិស័យសក្តានុពលថ្មីមួយចំនួនទៀត រួមទាំងការវិនិយោគលើសហគ្រាសធុនមីក្រូ តូច និង មធ្យម និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ។
បច្ចុប្បន្ននេះ វិស័យកសិកម្ម កំពុងតែធ្វើបរិវត្តកម្មទៅរកការធ្វើកសិកម្មបែបទំនើបដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី និងទទួលបានទិន្នផលខ្ពស់ ក្នុងចក្ខុវិស័យ ឈានទៅរកការធ្វើកសិកម្មប្រកបដោយចីរភាព និងធានាបាននូវបរិយាបន្នសេដ្ឋកិច្ច (Inclusive Income Distributions) តាមរយៈការទទួលបាននូវការគាំទ្រហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល។
បន្ទាប់មក ឯកឧត្តមបណ្ឌិតក៏បានធ្វើបទបង្ហាញពីទស្សនវិស័យសេដ្ឋកិច្ចសកល ដែលកំពុងតែមានភាពមិនច្បាស់លាស់ ក្រោយវិបត្តិកូវីដ ១៩ គឺ បង្កឡើងដោយសារតែភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាង ចិន និងសហរដ្ឋអាមរិក ការរឹតបន្តឹងនៃគោលនយោបាយហិរញ្ញវត្ថពិភពលោក ព្រមទាំងបានលើកឡើងពីទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ជាមួយកំណើន៦,៣%។
ជាថ្មីម្តងទៀត ចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានបង្ហាញគន្លឹះមួយចំនួនក្នុងការត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មី ពិសេសវិស័យអាទិភាពសម្រាប់ការវិនិយោគក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖
១. បន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យកសិកម្ម ពិសេសការវិនិយោគទៅ លើបច្ចេកទេសនៃការធ្វើកសិកម្មប្រកបដោយចីរភាព
២. ចាប់យកឱកាសនៃការវិវត្តវិស័យបច្ចេកវិទ្យា ដែលកំពុងតែផ្តល់កាលានុវត្តភាព លើនវានុវត្តន៍អាជីវកម្មថ្មី (Innovative Business Solutions) ដូចជា Payment, E-Commerce, Information-enabled Business Services, និង Cloud-Service ជាដើម។
៣. បន្តតាមដាន និងវិភាគលើការវិវត្តនៃវិស័យកម្មសាន្ត (មិនមែនកាត់ដេរ) ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជា Semiconductors និង Industrial Electronics ជាដើម។
៤. ចាប់យកឱកាសនៃការវិនិយោគទៅលើអាជីវកម្មបៃតង (Green Business)។