សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”

16 December 2024

រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ។
វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នេះជាវឌ្ឍនភាពដ៏សំខាន់មួយ នៅក្នុងការអនុវត្ត យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣។
ការរៀបចំ និងដាក់ឱ្យដំណើរការថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្ម ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍន៍អាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរ។
ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងសម្រួលឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ ហើយក៏បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដូចជាការអភិវឌ្ឍជំនាញ ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងសេវាគាំពារសង្គមជាដើម។