កម្មវិធីចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ គាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ការចញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ
21 March 2022
មន្ទីកសិកម្ម ខេត្តកំពង់ធំ៖
ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ផងដែរ មាន៖
- លោក ចៅ សុផល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម
- លោក កាន់ សាឡន អនុប្រធានមន្ទីកសិកម្ម ខេត្តកំពង់ធំ
- ឧកញ៉ា ហ៊ុន ឡាក់
- ឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសហគមកសិកម្ម កម្ពុជា និងអស់លោក លោកស្រី ជាសមាជិកសហគម និងបងប្អូនប្រជាកសិករ សរុបប្រមាណ ៦៥ នាក់។
ថ្លៃងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត បានធ្វើការជម្រាបជូន បងប្អូនប្រជាកសិករអំពី៖
- ធ្វើការពន្យល់អំពីគោលបំណង និងកម្មវត្ថុ នៃគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានលើកយកផងដែរ នូវគោលការណ៍ឥណទាន ក្នុងគម្រោងហិរញ្ញប្បទានពិសេសនេះ ដោយក្នុងនោះអត្រាការប្រាក់ គឺត្រឹមតែ ៥,៥% ក្នុងមួយឆ្នាំសម្រាប់ទុនវិនិយោគ និង ៥ % ក្នុងមួយឆ្នាំម្រាប់ទុនបង្វិល។ ដោយឡែកចំពោះទ្រព្យធានា គឺមានភាពបត់បែនខ្ពស់ និងអាចផ្តល់ឥណទានជូនរហូតដល់ ៨០ % នៃទ្រព្យធានាបំណុលផងដែរ។
- ឯកឧត្តមបណ្ឌិត លើកទឹកចិត្ត អោយបងប្អូនប្រជាកសិករ ចេះ ធ្វើការគ្រប់គ្រងអាជីវកម្ម ដោយធ្វើការកត់ត្រាចំណូល ចំណាយ ជាប្រចាំអោយបានច្បាស់លាស់ ព្រោះការណ៍នេះ វាជួយអោយអាជីវកម្ម របស់ប្អូន មានភាពរីកចំរើន និងដឹង អំពីការចំណេញ ខាត។
- ឯកឧត្តមបណ្ឌិត ស្នើសុំអោយបងប្អូនប្រជាកសិករ ប្រើប្រាស់ទុន ដែលទទួលបាន ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អោយចំគោលដៅ និងចេះរកព័ត៍មានអំពីទីផ្សារ និងផលិតអោយចំគោលដៅ និងមានតម្រូវការទីផ្សារផងដែរ។
- ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្លាំងលើជីវភាពរបស់បងប្អូនប្រជាកសិករ។ ជាមួយគ្នានេះ វិស័យកសិកម្ម គឺជាវិស័យអទិភាព ក្នុងបរិបទនៃកូវីដ ១៩ នេះ, ដូចនេះ ឯកឧត្តមបណ្ឌិត លើកទឹកចិត្ត អោយបងប្អូនកសិករ ចងក្រងជាសហគម និង ធ្វើការផលិតតាមកិច្ចសន្យាកសិកម្ម ដើម្បីធានាចេរភាពនៃការផ្គត់ផ្គង់ចូលទីផ្សារ និងចំនេញថវិកា។
- ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើដល់បងប្អូនកសិករ សូមធ្វើការដាំដុះតាមគោលការណ៍ សុវត្ថិភាពចំនីអាហារ (GAP) និងចងក្រងបន្តុំផលិតបន្លែសុវត្ថិភាព ដោយធ្វើការដាំដុះក្នុងផ្ទះសំណាញ់ ក្នុងករណីបើអាច ព្រោះវាបានផលច្រើន។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការប្រគល់ជូនរង្វាន់ជាវត្ថុអនុស្សាវរីយ៍ជូនដល់កសិករគំរូ ដែលទទួលបានឥណទានក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥ រូប ដោយក្នុងនោះ ក្នុងម្នាក់ទទួលបាន ទូរស័ព្ទចំនួន ១ គ្រឿង និងជូនថវិកាសម្រាប់អ្នកចូលរួមក្នុងម្នាក់ចំនួន ២ ម៉ឺនរៀលផងដែរ។
RELATED Tags