ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បាន អញ្ជើញចូលរួមសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនចំនួន២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់

13 October 2022

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បាន អញ្ជើញចូលរួមសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនចំនួន២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់បំផ្លិចបំផ្លាញស្រូវ និងផលដំណាំ រួមផ្សំ ស្ថិតនៅឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
តាមការអោយដឹងពីសំណាក់បងប្អូន ថា បច្ចុប្បន្នទិន្នផលស្រូវលើដីស្រែជាង ៤០០ហិកតា របស់ពួកគាត់ត្រូវបានបំផ្លាញទាំងស្រុងដោយសារទឹកជំនន់។ បន្ថែមលើនេះ, ពួកគាត់បានធ្វើការចំណាយថ្លៃដើមផលិតខ្ពស់លើការដាំដុះអស់ប្រមាណ ជិត ៤លានរៀល ក្នុងមួយហិកតា ស្របពេល ជី ពូជ ប្រេង ថ្នាំ ឡើងថ្លៃ ប៉ុន្តែទិន្នផលស្រូវទទួលបានមិនសូវល្អ ។ មួយវិញទៀត, សម្រាប់នៅរដូវនេះទៀត គឺពួកគាត់ខាតបង់ទាំងស្រុងតែម្តង។
ឆ្លើយតបទៅនឹងការលើកឡើងរបស់បងប្អូន, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការរំលឹកជូនដល់បងប្អូនអោយបានជ្រាបអំពីមូលហេតុដែលជាដើមចម នាំអោយវត្ថុធាតុដើមមានការឡើងថ្លៃ ជាពិសេស ប្រេង គឺបណ្តាមកពីសង្គ្រាមរវាង អ៊ុយក្រែន និង រុស្សី និងការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលកន្លងមក។ ដើម្បីចូលរួមកាត់បន្ថយការចំណាយខ្ពស់លើការដាំដុះស្រូវ, ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំនូវចំនុចមួយចំនួនជូនដល់បងប្អូននាឱកាសនោះ មានដូចជា៖
● តាមទំលាប់បងប្អូនធ្វើការសាបព្រោះពូជស្រូវក្នុង១ ហិកតា អស់ ៣០០ kg ដូចនេះ គួរពិនិត្យលទ្ធភាពដើម្បីកាត់បន្ថយការប្រើប្រាស់ពូជស្រូវ ដើម្បីធ្វើការសន្សំសំចៃ និងកាត់បន្ថយការចំណាយលើថ្លៃពូជ។
●កាត់បន្ថយការប្រើប្រាស់ជីហួសប្រមាណ ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិត និងសន្សំសំចៃ។
●គួរពិនិត្យលទ្ធភាពសិក្សា លើការប្រើប្រាស់ថាមពលសូឡា ជំនួសប្រេងសាំងដើម្បីធ្វើការបូមទឹកបញ្ជូលស្រែ និងអាចជួយសន្សំសំចៃថវិកាទិញប្រេង។
●គួរតាមដានព័ត៍មាននានាពាក់ព័ន្ធជាមួយការព្យាករណ៍អកាសធាតុ ដើម្បីជៀសវាងការដាំដុះចំរដូវអាកាសធាតុមិនល្អ។
●បងប្អូនគួរចេះកត់ត្រាលើការចំណាយនានា ដើម្បីតាមដានលើការចំណាយវិនិយោគរបស់ខ្លួនក្នុងមួយឆ្នាំៗ។
●គួរពិនិត្យលទ្ធភាពផ្លាស់ប្តូរការដាំដុះពូជស្រូវដែលមានទីផ្សារ និងមានតំលៃខ្ពស់។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកទឹកចិត្តដល់បងប្អូនក្នុងករណីមានតម្រូវការឥណទានបន្ថែមដើម្បីធ្វើការស្តារឡើងវិញនូវដំណាំស្រូវបន្ទាប់ពីទឹកជំនន់បានស្រកទៅវិញ អាចធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបាន។
ចុងបញ្ចប់, ឯកឧត្តមបណ្ឌិត កៅ ថាច បាន ធ្វើការឧបត្ថម្ភជូនដល់បងប្អូន មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ និងថវិកាមួយចំនួន ជូនដល់បងប្អូន ដើម្បីធ្វើការដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខនៅពេលនេះ។