ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង
21 October 2022
វិទ្យាល័យហ៊ុនសែន ព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានបន្តអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយ លោកនាយក នាយករង នាយិការង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង សរុប ៣២៥ នាក់ ។
ឆ្លៀតឱកាសនេះ, ឯកឧត្តមបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់។ ជាពិសេស
ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយស្មោះស្ម័គ្រ ជូនចំពោះ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបង្រៀនបំប៉នបន្ថែមម៉ោងដល់ប្អូនៗសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំង២៦៩ នាក់នេះ។
បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានឡើងឡើងនូវចំណុចសំខាន់ៗមួយចំនួនមាន៖
១. ធ្វើការរំលឹកអំពីកត្តាប្រវត្តសាស្ត្រដែលប្រទេសកម្ពុជាបានឆ្លងកាត់ ជាពិសេសលើសម័យកាលដ៏ខ្មៅងងឹត ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលកម្ពុជាត្រូវបំផ្លិចបំផ្លាញទាំងស្រុងនូវឯកសារសំខាន់ៗ និងធនធានមនុស្ស ដែលធ្វើអោយយើងបាត់បង់យ៉ាងធំធេង និងត្រូវធ្វើការក៏សាងឡើងវិញដោយបាត់ដៃទទេរ ទំរាំកម្ពុជាបានមកដល់ចំនុចនេះ។ ការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងលើប្រព័ន្ធអប់រំនៅកម្ពុជា បានធ្វើអោយកម្មវិធីសិក្សាអប់រំមានការរីកចំរើនខ្លាំង។ សិស្សានុសិស្សបានខិតខំពង្រឹងខ្លួនទាំងសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ។ ជាក់ស្តែងលទ្ធផល នៃការប្រឡងបាក់ឌុបក្នុងឆ្នាំកន្លងមក បានបង្ហាញពីភាពជោគជ័យ នៃកំណែទម្រង់ប្រព័ន្ធអប់រំ តាមរយៈពាក្យស្លោក អ្នកចេះគឺជាប់។
២. ឯកឧត្តមបណ្ឌិត បានធ្វើការចែករំលែកនូវបទពិសោធន៍ដែលឯកឧត្តមបណ្ឌិតផ្ទាល់បានឆ្លងកាត់ក្នុងវ័យសិក្សាជូនដល់ប្អូនៗបានជ្រាប និងអាចយកទៅអនុវត្តបន្តបាន។ ឯកឧត្តមបណ្ឌិត បានជូនយោបលដល់ប្អូនៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រប្រកបដោយអង្គបួនតាមពុទ្ធឱវាទគឺ សុត (ស្តាប់) ចិន្ត (គិត) បុច្ឆ (សួរ) លិខ (ស្តាប់ គិត សួរ កត់ត្រា) ដែលសម្រាយខ្លីមកហៅថា សុ.ចិ.បុ.លិ. ហើយប្ងូនៗត្រូវមានភាពក្លាហាន កុំខ្មាស់អៀន ក្នុងការសាកសួរនូវចម្ងល់ ផ្សេងៗពីអ្នកដែលចេះជាងយើង រួមមានលោកគ្រូ អ្នកគ្រូជាដើម។ ដូចពាក្យស្លោកខ្មែរបានពោលថា ” ចង់ចេះអោយសំលាប់អាចារ្យ បើចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់ “។
៣.ឯកឧត្តមបណ្ឌិត បានបន្តលើកទឹកចិត្ត និងណែនាំប្អូនៗ ត្រូវរៀបចំខ្លួនឱ្យមានរបៀបរៀបរយ មានវិន័យក្នុងការសិក្សា និងចាំបាច់បំផុតត្រូវរៀបចំកាលវិភាគច្បាស់លាស់សម្រាប់ម៉ោងសិក្សា ក៏ដូចជាម៉ោងការងារ។ សកម្មភាពប្រចាំថ្ងៃល្អ ដោយអនុលោមតាមផែនការ កាលវិភាគតត្រឹមត្រូវ នឹងនាំឱ្យប្អូនៗ ទទួលបានជោគជ័យក្នុងជីវិតសិក្សា ក៏ដូចជាអាជីពការងារជាក់ជាមិនខាន។
៤. ឯកឧត្តមបណ្ឌិត បន្តលើកទឹកចិត្តប្អូនៗត្រូវតែធ្វើការស្រាវជ្រាវចំណេះដឹងថ្មីៗបន្ថែម ស្របតាមការវិវឌ្ឍក្នុងបរិការណ៍ថ្មីៗជាពិសេសសម័យឌីជីថល ដែលក្នុងនាមយុវជនត្រូវដើរតាមអោយទាន់ ហើយត្រូវយកចំណេះដឹងទាំងនោះ ទៅចែករំលែកបន្តដល់មិត្តភក្ត សិស្សប្អូន និងសម្រាប់ជាឧត្តមប្រយោជន៍របស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានស្នើសុំប្អូនៗ បន្តការអានសៀវភៅ ធ្វើការស្រាវជ្រាវ ឱ្យបានច្រើន ពីព្រោះការអាន ធ្វើឱ្យយើងទទួលបានចំណេះដឹងថ្មីៗ និងដើរទាន់ការវិវឌ្ឍន៍របស់ពិភពលោក។ ម្យ៉ាងទៀតក្នុងនាមប្អូនៗជាយុវជន យុវនារី ជាធនធានមនុស្សល្អ និងជាសេចក្តីសង្ឃឹមរបស់អាណាព្យាលបាល។ ដូចនេះប្អូនៗត្រូវប្រែក្លាយខ្លួនជាសិស្សពូកែ មានចំណេះដឹង ជំនាញច្បាស់លាស់ ក្លាយជាពលរដ្ឋល្អ សិស្សល្អ និងជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
៥.ឯកឧត្តមបណ្ឌិតបានធ្វើការថ្លែងអំណរគុណ និងផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូសូមបន្តជួយបណ្តុះបណ្តាលទាំងជំនាញទន់ និងជំនាញរឹង និងជួយបណ្តុះស្មារតីសិស្សឱ្យចេះស្រឡាញ់កីឡា ស្រឡាញ់ការងារសង្គមជាតិ បណ្តុះឥរិយាបទឱ្យមានសុជីវធម៌ គុណធម៌ និងមានសីលធម៌ល្អ។ ជាពិសេស ជួយបណ្តុះឱ្យសិស្សមានភាពម្ចាស់ការ និងឯករាជ្យក្នុងសិក្សា ស្រាវជ្រាវ និងបណ្តុះការអានសៀវភៅឱ្យបានច្រើន។
ចុងបញ្ចប់ឯកឧត្តមបណ្ឌិត បាននាំយកថវិកាដ៏ថ្លែថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខ៖
១.ជាមួយគ្នានេះដោយមានការស្នើសុំបន្ថែមពីតំណាងវិទ្យាល័យ , ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីបានធ្វើរឧបត្ថម្ភទឹកប្រាក់ចំនួន ៣០០០$ សម្រាប់វិទ្យាល័យធ្វើការបំពាក់គ្រឿងសង្ហារឹម តុ កៅ អី ក្តាខៀន សម្រាប់អគារថ្មីចំនួន២បន្ទប់ ផងដែរ។
២.ជូនលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន ព្រែលួង ចំនួន ៧ ៥០០ ០០០ រៀល, សិស្សានុសិស្សចំនួន២៦៩នាក់ ក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល និងឧបត្ថម្ភសម្រាប់ការរៀបចំកម្មវិធីចំនួន ២ ៦០០ ០០០ រៀល ផងដែរ។