ឯកឧត្តម បាន លឹម តំណាងឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅវិទ្យាល័យព្រែកលួង

2 January 2023

វិទ្យាល័យព្រែកលួង, ស្រុកខ្សាច់កណ្តាល៖
នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បាន លឹម អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាអនុប្រធានក្រុមការងារចលនាយុវជន តំណាងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល និងសហការី បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យព្រែកលួង។ សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក ក្រុមប្រឹក្សាឃុំ និងមាតាបីតាសិស្សសរុបចំនួន ១ ៤៧០ នាក់។
ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ វិទ្យាល័យព្រែកលួង មានសិស្សានុសិស្សសរុបចំនួន ១ ៣៥៥ នាក់ ក្នុងនោះស្រីចំនួន ៧៦១ នាក់ ចែកចេញជា៦ថ្នាក់ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ ដោយឡែកសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ មានចំនួន ៣២៦ នាក់ ក្នុងនោះស្រី ១៦៩ នាក់។
លទ្ធផលសិក្សាឆ្នាំ២០២១-២០២២ កន្លងទៅ សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ មានចំនួន ២៦៩ នាក់ ស្រី ១៥៥ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់ មានចំនួន ២០៨ នាក់ ស្មើនឹង ៧៧,៣២ ភាគរយ ស្រី ១២០ នាក់ ស្មើនឹង ៧៧,៤១ ភាគរយ។
ឯកឧត្តមគណៈអធិបតី បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ ដែលទទួលបានលទ្ធផលល្អ មានបេក្ខជនប្រឡងជាប់ជាង ៧៧ ភាគរយ ដែលនេះ គឺជាគិត្តិយសដ៏ធំធេងសម្រាប់វិទ្យាល័យព្រែកលួង មាតាបីតា និងអាណាព្យាបាលសិស្ស។ ឯកឧត្តមគណៈអធិបតីបានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្មានឪពុកម្តាយ លោកគ្រូអ្នកគ្រូ ក្នុងការទទួលយកនូវចំណេះដឹង និង បច្ចេកវិទ្យា ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងក្លាយជាទំពាំងស្នងឫស្សី ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត ដោយត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។ ឯកឧត្តមគណៈអធិបតី ក៏មានជំនឿជឿជាក់ថា ក្មួយៗសិស្សានុសិស្សនឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពិសេសក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ឆ្នាំនេះ នឹងប្រឡងជាប់បានច្រើន និងទទួលបាននិទ្ទេសល្អ។
ក្នុងឱកាសនោះ ឯកឧត្តម បាន លឹម តំណាងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល បានឧបត្ថម្ភសៀវភៅសរសេរ និងប៊ិក ជូនដល់សិស្សានុសិស្សសរុបចំនួន ១ ៣៥៥ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរចំនួន០២ក្បាល និងប៊ិកចំនួន ០២ ដើម គិតជាថវិកាស្មើនឹង ៤ ១១៤ ២០០ រៀល និងឧបត្ថម្ភសម្រាប់រៀបចំកម្មវិធីចំនួន ៤ ៥០០ ០០០ រៀល។