ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់

26 June 2023

បាត់ដំបង- ប៉ៃលិន ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់
————————
ថ្ងៃសុក្រ​​​ ៦កេីត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ​ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានចុះពិនិត្យ​មើលការប្រើប្រាស់ឥណទានគាំទ្រដល់សមកម្ម​ភាពដាំដុះបន្លែស្ពៃក្រញាញ់​ ខាត់ណា​ផ្កា​ និងបន្លែចំរុះ​ នៅក្នុងផ្ទះសំណាញ់ ដែលមានអាសយដ្ឋានស្ថិតនៅឃុំ​អន្លុងវិល​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​។
ស្របពេលជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត និងសហការីបានចុះពិនិត្យមើលផលប៉ះពាល់ដោយបញ្ហាខ្យល់កន្ត្រាក់លេីផ្ទះសំណាញ់ចំនួន​ ៤ខ្នងផ្ទះសំណាញ់​ ដោយខូចខាត់ប្រហែល​ ៤០%​ នៃផ្ទះសំណាញ់សរុបចំនួន​ ១០ខ្នង ដែលបងប្អូនបានទទួលកម្ចីពី ធនាគារ ARDB ដើម្បីយកពង្រីកផ្ទះសំណាញ់។
ឯកឧត្ដម​បណ្ឌិត បានចូល​រួមសោកស្តាយ​ ជាមួយបងប្អូនកសិករ និងបានធ្វើការណែនាំ អោយជួសជុល​ និង​កែសម្រួល​ឡេីងវិញ នូវ៖
១-ជួសជុល​កែសម្រួល​គ្រោងផ្ទះ​សំណាញ់
២-រៀប​ចំ​ប្រព័ន្ធ​ទឹក
៣-រៀប​ចំ​ផែន​ការ​ដាំដុះ​ ដោយធ្វេីដី​ ដាក់ជី​ និងបាញ់ថ្នាំសម្លាប់មេរោគក្នុងដី​ និងសត្វល្អិត
៤-ផ្សារភ្ជាប់​ទីផ្សារ​ឡើង​វិញ​
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត លេីកទឹក​ឲ្យ​គាត់​ខិតខំ​ប្រឹងប្រែង​រៀបចំ​ដាំដុះ​ឡើង​វិញ​ ហើយ​ប្រសិន​បើក្នុង​ករណី​គាត់ត្រូវការឥណទានបន្ថែម​ សូម​រៀបចំ​សំណេី​សុំ​មកធនាគារ​ ARDB។
ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត និងក្រុមការងារ បានបន្តអញ្ជើញទៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចុះពិនិត្យមើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងមើលពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានដែលធនាគារបានផ្តល់ជូនបងប្អូនកសិករនៅទីនោះផងដែរ ៕