ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមកិច្ចជុំប្រចាំខែជាមួយតំណាងក្រុមហ៊ុននាំចេញអង្ករ ក្នុងខេត្តពោធិ៍សាត់ បាត់តំបង និងបន្ទាយមានជ័យ
5 November 2023
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) , ឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារស្រូវ និងក្រុមហ៊ុន បៃតង កម្ពុជា និង តំណាងរោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំចេញអង្ករ ក្នុងខេត្តពោធិ៍សាត់ បាត់តំបង និងបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចជុំប្រចាំខែក្នុងគោលបំណង៖
(១) ចែករំលែកអំពីព័ត៍មានទីផ្សារស្រូវអង្ករលើទីផ្សារក្នុងស្រុក និងនៅបរទេស ជាពិសេសពិភាក្សាអំពីស្ថានភាពនៃការវិវឌ្ឍន៍តំលៃអង្ករនៅលើទីផ្សារអន្តរជាតិ
(២) ចែករំលែកព័ត៌មានថ្មីៗអំពីតម្លៃស្រូវនៅវាលស្រែ, តម្លៃស្រូវដឹកមកដល់រោងម៉ាស៊ីន និងតំបន់ដែលកសិករកំពុងច្រូតកាត់ស្រូវ និងត្រូវប្រមូលផលនាពេលខាងមុខ
(៣) ពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នអំពីតំលៃស្រូវនៅកម្ពុជា ធៀបតំលៃនៅលើទីផ្សារបរទេស និងព្យាករណ៍អំពីបញ្ហាប្រឈមនានារបស់រោងម៉ាស៊ីនកិនស្រូវនៅពេលអណាគត់
(៤) ពិនិត្យ និងពិភាក្សាលើស្ថានភាពទីផ្សារនាំចេញអង្ករទៅទីផ្សារបរទេស
(៥) ពិភាក្សាលើបញ្ហាប្រឈមនានាក្នុងខ្សែច្រវ៉ាក់ផលិតកម្មស្រូវ, និងលើកដំដោះស្រាយដើម្បីកែលម្អ និងដាក់ចេញនូវចំណាត់ការចំពោះមុខក្នុងកំរិតសមាជិកនៃសហព័ន្ធស្រូវអង្ករ និង
(៦) បន្តពង្រឹងសាមគ្គីភាពនៃពាណិជ្ជករក្នុងវិស័យស្រូវអង្កររួមមានរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃសម្រាប់ការនាំចេញក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ និងស្វែងរកដំណោះស្រាយនានាដើម្បីពង្រឹងទីផ្សារអង្ករកម្ពុជានៅបរទេស
(៧) ក្នងឱកាសនោះ អង្គប្រជុំក៏បានធ្វើការពិភាក្សា លើបញ្ហាប្រឈមមួយចំនួនផ្សេងទៀត ក៏ដូចជាដាក់ចេញជាដំណោះស្រាយផងដែរ។
សូមបញ្ជាក់ផងដែរថា នេះ ជាកិច្ចប្រជុំ ធ្វើឡើងជារៀងរាល់ខែជាប្រចាំដើម្បីតាមដានស្ថានភាពស្រូវអង្ករ រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានការចូលរួមពីតំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។