ឯកឧត្តមបណ្ឌិត កៅ ថាច បានចុះជួបសំណេះសំណាល និងសិក្សាស្វែងយល់អំពីសហគមន៍បាភ្នំមានជ័យ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវៃង
28 July 2024
ព្រៃវែង: នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចុះជួបសំណេះសំណាល និងសិក្សាស្វែងយល់អំពីសហគមន៍បាភ្នំមានជ័យ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវៃង។ សហគមន៍បាភ្នំមានជ័យ គឺជាសហគមន៍ផលិតស្រូវពូជធំមួយនៅក្នុងស្រុកបាភ្នំ ដែលមានសមត្ថភាពផលិតស្រូវពូជ (សុទ្ធល្អ) បានប្រមាណ ៥០០ តោន ក្នុង១ឆ្នាំ និងមានផ្ទៃស្រែចំនួន ៨៥ ហិកតា និងមានសមាជិកចំនួន ២៣៣ គ្រួសារ។ ក្នុងឆ្នាំ២០២៤នេះ សហគមន៍ មានគ្រោងពង្រីកផ្ទៃដីផលិតស្រូវពូជឱ្យបាន ១៤៥ ហិកតា ដែលអាចផលិតពូជបាន ១ដងទៅ៣ដងក្នុង១ឆ្នាំ និងមានផែនការផលិតពូជស្រូវសុទ្ធឱ្យបាន ៧៥០ តោន សម្រាប់ផ្គត់ផ្គង់ដល់កសិករនៅក្នុងខេត្តព្រៃវែង និងខេត្តផ្សេងៗទៀត ដូចជាកំពង់ធំ ស្វាយរៀង សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង។ ល។ ពូជស្រូវដែលសហគមន៍ផលិតត្រូវបានកសិករទទួលស្គាល់ថាល្អជាងពូជនាំចូលដែលមិនមានប្រភពច្បាស់លាស់។ ទន្ទឹមនឹងនេះសហគមន៍ជូបនូវបញ្ហាប្រឈមមួយចំនួន ដូចជា រុយសបំផ្លាញ ការប្រែប្រួលអាកាសធាតុ និងបញ្ហាកង្វះទុន។
តាមសំណូមពររបស់សហគមន៍ពាក់ព័ន្ធនឹងបញ្ហាកង្វះទុន ឯកឧត្តមបណ្ឌិតបានណែនាំឱ្យរៀបចំឯកសារឱ្យបានច្បាស់លាស់ ដេីម្បីធនាគារ ARDB ពិនិត្យលទ្ធភាពក្នុងការផ្តល់ឥណទានបន្ថែម ព្រមទាំងស្នេីដល់សហគមន៍និងកសិករឱ្យប្រេីប្រាស់ APP របស់ ARDB ក្នុងការទូទាត់ និងផ្ទេរប្រាក់ ដែលងាយស្រួសជាងការប្រេីប្រាស់សាច់ប្រាក់សុទ្ធ។
បន្ទាប់មកនៅរសៀលថ្ងៃដដែល, ឯកឧត្តមបណ្ឌិត និងសហការី បានបន្តចុះពិនិត្យស្តុកស្រូវអង្កររបស់រោងម៉ាស៊ីនកិនស្រូវឈុនធំ និងរោងម៉ាស៊ីនកិនស្រូវឈិតប៊ុនថន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលរោងម៉ាស៊ីនកិនស្រូវទាំង២នេះទទួលបានហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមគម្រោងរក្សាស្ថិរភាពថ្លៃ រក្សាសន្តិសុខស្បៀង និងប្រព័ន្ធពូជសុទ្ធតាមរយៈធនាគារ ARDB ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបានស្នេីដល់ម្ចាស់រោងម៉ាស៊ីនទាំង២ធ្វេីការប្រមូលទិញស្រូវពីកសិករឱ្យអស់លទ្ធភាពតាមតម្លៃសមស្រប នៅរដូវប្រមូលផលខាងមុខ ដោយចៀសវាងការបង្អាប់តម្លៃ។