3rd GMS Agriculture Minister Meeting

19 November 2024

ទីក្រុងគុនមីញ – សាធារណរដ្ឋប្រជាមានិតចិន៖ តបតាមការអញ្ជើញ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ (3rd GMS Agriculture Minister Meeting) ដែលរៀបចំឡើង ដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃ សាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីក្រុង គុនមីញ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពី ស្ថានភាពហិរញ្ញប្បទានបៃតងក្នុងអនុតំបន់មេគង្គ(GMS), ការវិវដ្ដហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា, និងបទពិសោធន៍ ក្នុងការធ្វើបរិវត្តកម្ម ធនាគារ ARDB ទៅជា ធនាគារនាំមុខក្នុងការផ្តល់ហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះដែរ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ជាអនុសាសន៍គោលនយោបាយសម្រាប់អនុតំបន់មេគង្គ និងស្ថាប័នអន្តរជាតិ ក្នុងការជំរុញហិរញ្ញប្បទានបៃតង ចំនួន ៣ ចំណុច ដូចខាងក្រោម៖
១. ជំរុញការរៀបចំបទដ្ឋានគតិយុត្ត ពិសេស taxonomy ដែលអាចផ្តល់ជាទំនុកចិត្តដល់ស្ថាប័នអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការពង្រីកកញ្ចប់មូលនិធិហិរញ្ញប្បទានបៃតងក្នុងតំបន់
២. បង្កើនការផ្តល់ហិរញ្ញប្បទានបៃតង តាមរយៈការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ និងការបង្កើតយន្តការគាំទ្រថ្មីៗបន្ថែម
៣. ជំរុញកិច្ចសហការក្នុងតំបន់ ដើម្បីចែករំលែកនូវទិន្នន័យសំខាន់ៗ និងចែករំលែកបទពិសោធល្អៗ។
ជារួម ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ (GMS) បានលើកឡើង និងពិភាក្សាទៅលើប្រធានបទសំខាន់ៗដែលកំពុងឆ្លុះបញ្ចាំងអំពីស្ថានភាពក្នុងតំបន់ ដូចជា៖ បញ្ហាសន្តិសុខស្បៀង , បញ្ហាការប្រែប្រួលអាកាសធាតុ, បញ្ហាការគ្រប់គ្រងធនធានទឹក, បញ្ហាការប្រើប្រាស់ថាមពលកកើតឡើងវិញនិងប្រកបដោយប្រសិទ្ធភាព និងបញ្ហាចម្បងៗ មួយចំនួនទៀត។