ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះសួរសុខទុក្ខអតិថិជន ចំនួន៣៥ គ្រួសារ និងជាសមាជិកសហគមកសិកម្ម តាសី សាមគ្គី ដែលកំពុងទទួលរងគ្រោះមហន្តរាយដោយសារទឹកជំនន់

14 តុលា 2022

ថ្មគោល បាត់ដំបង៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានអញ្ជើញចុះសួរសុខទុក្ខអតិថិជន ចំនួន៣៥ គ្រួសារ និងជាសមាជិកសហគមកសិកម្ម តាសី សាមគ្គី ដែលកំពុងទទួលរងគ្រោះមហន្តរាយដោយសារទឹកជំនន់ បានបំផ្លាញផលដំណាំស្រូវ និងបន្លែផ្សេងៗដែលជិតទទួលផល និងកំពុងប្រមូលផល។
យកឱកាសនោះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានសំដែងនូវសេចក្តីសោកស្តាយ ជូនចំពោះបងប្អូនសហគមដែលបានជួប និងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅរដូវនេះ។ ជាមួយគ្នានេះដើម្បីចូលរួមចែករំលែកនូវបញ្ហារបស់បងប្អូនសហគមកំពុងជួបប្រទះ, ឯកឧត្តមបណ្ឌិត បានអនុញ្ញាត ដល់បងប្អូនធ្វើការលើកជាយោបល់ ក៏ដូចជាធ្វើសំណូមពរផ្សេងៗ ដើម្បីអោយ ឯកឧត្តមបណ្ឌិត ជួយរកដំណោះស្រាយជូន។
ជាមួយគ្នានេះ, ស្រូវរបស់បងប្អូន បានត្រូវជន់លិច និងបំផ្លាញទាំងស្រុង ហើយចំការបន្លែរបស់បងប្អូនក្នុងសហគម មួយចំនួនក៏ត្រូវលិចលង់ផងដែរ។ បងប្អូនបានធ្វើសំណូមពរ មកកាន់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្នើសុំពិនិត្យលទ្ធភាពដើម្បីកែសម្រួលរបៀបទូទាតសងប្រាក់ដើម និងការប្រាក់ និងស្នើសុំកម្ចីបន្ថែម ដើម្បីយកទៅដាំដុះសារឡើងវិញបន្ទាប់ពីទឹកស្រកវិញ។
ជាការឆ្លើយតប, ឯកឧត្តមបណ្ឌិត បានអនុញ្ញាតអោយមន្ត្រីជំនាញរបស់ធនាគារ ធ្វើការសិក្សាឥណទានឡើងវិញ តាមការស្នើសុំជាក់ស្តែងរបស់បងប្អូន។
ជាការរួមចំណែកដោះស្រាយបញ្ហារបស់បងប្អូនសហគម, ឯកឧត្តមបណ្ឌិត បានធ្វើការចែកជូននូវអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ។