ឯកឧត្តម ហ៊ុល ប៊ុនថា តំណាងឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅវិទ្យាល័យបានដាវ
2 មករា 2023
វិទ្យាល័យហ៊ុនសែន បានដាវ, ស្រុកខ្សាច់កណ្តាល៖
នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុល ប៊ុនថា អនុប្រធានទទួលបន្ទុកជួយប្រធានសម្របសម្រួល ក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល តំណាងឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល និងឯកឧត្តម លី សារុន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំបាក់ដាវ តំណាង ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំកំពង់ចំលង និងឃុំបាក់ដាវ និងសហការី បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យបានដាវ។ សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន លោក ចាន់ តារា អភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក លោកមេឃុំបាក់ដាវ និងមាតាបីតាសិស្សសរុបចំនួន ១ ០៤០ នាក់។
ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ វិទ្យាល័យ ហ៊ុន សែន បានដាវ មានសិស្សានុសិស្សសរុបចំនួន ៩១៩ នាក់ ក្នុងនោះស្រីចំនួន ៥០៣ នាក់ ចែកចេញជា៦ថ្នាក់ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ ដោយឡែកសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ មានចំនួន ១១៦ នាក់ ក្នុងនោះស្រី ៦៩ នាក់។
លទ្ធផលសិក្សាឆ្នាំ២០២១-២០២២ កន្លងមកនេះ សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ មានចំនួន ៨៩ នាក់ ស្រី ៥៣ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់ មានចំនួន ៨៤ នាក់ ស្មើនឹង ៩៤,៣៨ ភាគរយ ស្រី ៥១ នាក់ ស្មើនឹង ៩៦,២៣ ភាគរយ។
ឯកឧត្តមគណៈអធិបតី បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ ដែលទទួលបានលទ្ធផលល្អ មានបេក្ខជនប្រឡងជាប់ជាង ៩៤ ភាគរយ និងសិស្សថ្នាក់ទី៩ ដែលប្រឡងជាប់សិស្សពូកែថ្នាក់ខេត្ត ផ្នែក គណិតវិទ្យាចំនួន០២នាក់ (ចំណាត់ថ្នាក់លេខ១ និងលេខ៣) និងម្នាក់ទៀតប្រឡងជាប់សិស្សពូកែថ្នាក់ជាតិ(ទូទាំងប្រទេស) ផ្នែកគណិតវិទ្យាដែរ ទទួលបានចំណាត់ថ្នាក់លេខ៤។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុល ប៊ុនថា តំណាងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល បានឧបត្ថម្ភសៀវភៅសរសេរ និងប៊ិក ជូនដល់សិស្សានុសិស្សសរុបចំនួន ៩១៩ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរចំនួន០២ក្បាល និងប៊ិកចំនួន ០២ ដើម គិតជាថវិកាស្មើនឹង ២ ៧៩៣ ៧៦០ រៀល និងឧបត្ថម្ភសម្រាប់រៀបចំកម្មវិធីចំនួន ៤ ៥០០ ០០០ រៀល។ គណៈអធិបតីក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនលោកគ្រូអ្នកគ្រូ និងសិស្សពូកែថ្នាក់ជាតិ និងថ្នាក់ខេត្តផងដែរ។