កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រ ដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី នៅសង្កាត់អូរឬស្សី​ ក្រុងក្រចេះ​​ ខេត្តក្រចេះ​

12 មិថុនា 2023

ថ្ងៃអាទិត្យ​​​ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខ​ បងប្អូនប្រជាកសិករដាំដុះស្វាយចន្ទី និងកែច្នៃគ្រាប់ស្វាយចន្ទី និងវេចខ្ជប់ និង​ប្អូនៗជាសិស្សនិស្សិតសកលវិទ្យាល័យក្រចេះ​ ប្រមាណ​ជាង​ ១០០នាក់​ ។
ជាកិច្ចចាប់ផ្តេីម​ ឯកឧត្តមបណ្ឌិតប្រតិភូ មានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាកសិករ​ បងប្អូន​តំណាងសហគមន៍​ និង​សិស្សនិស្សិត​ ដែលមានវត្តមាននៅក្នុងទីនេះ​ អំពីការរស់នៅ​ ការសិក្សា​ និងការប្រកបមុខរបរដាំដុះស្វាយចន្ទី​ និងដំណាំផ្សេងៗទៀត​ ហេីយបន្ទាប់មកឯកឧត្តម​បណ្ឌិត បានអនុញ្ញាតឲ្យបងប្អូនលេីកឡើងនូវបញ្ហាប្រឈមនានា ព្រមជាមួយនឹងសំណូមពរផ្សេងៗមកកាន់ធនាគារ ARDB។
ឯកឧត្តមបណ្ឌិត បានជម្រាបជូនដល់បងប្អូនប្រជាកសិករថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយឱ្យកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ ដូច្នេះ​ហើយដើម្បី​កម្ពុជា​ក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី​ នាពេល​អនាគត​បាន​ បញ្ហា​ប្រឈមផ្សេងៗ​ដែល​បងប្អូនបាន​លើក​ឡើងនោះ ចាំបាច់ត្រូវធ្វើការដោះស្រាយ។
ឯកឧត្ដម​បណ្ឌិត​ ក៏បន្តស្នើ​សុំ​ឲ្យ​ប្រជាកសិករ​ដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រេីនហេីយនៅជិតគ្នា​គួរ៖
1. សូម​ចងក្រង​ជាសហគមន៍ ឬជាបណ្តុំអ្នកផលិត​ ដោយរួមគំនិតគ្នាគិតគូររៀបចំចងក្រង ដោយមានផែនការដាំដុះ​ និងផ្សារ​ភ្ជាប់​ទៅទីផ្សារ​។
2. រួមគ្នាស្នេីសុំឥណទានជាទុនវិនិយោគសម្រាប់សាងសង់ឃ្លាំង​ លាន​ហាល​ ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីលេីទីផ្សារ។
3. ក្នុងករណី តំណាង​សហគមន៍ ឬសមាជិកសហគមន៍​ ឬប្រជាកសិករដែលចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី គឺបងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDB បាន​ ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញជី ថ្នាំ ម៉ាស៊ីន បកស្វាយចន្ទី សាងសង់ ឃ្លាំង ស្តុក លាន ហាល ជាដើម​ ហើយ​អត្រាការប្រាក់នេះ​ គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាកសិករ នៅទីជនបទ ដើម្បីពង្រីកការដាំដុះស្វាយចន្ទី​ និដាំដុះដំណាំផ្សេងៗក្នុងវិស័យកសិកម្ម។
4. ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់បងប្អូនអាចគិតគូរស្នើសុំឥណទាន ពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានាបំណុលបាន ហើយធនាគារអាចផ្តល់ឥណទាន ជូនរហូតដល់៧០% នៃតម្លៃ គ្រាប់ ស្វាយចន្ទី ក្នុងឃ្លាំងស្តុក។
5. ឯកឧត្តមបណ្ឌិតក៏បានសំណូមពរដល់ប្រជាកសិករទាំអស់​ គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់លើដាំដុះ ការថែទាំ ដើម្បីបង្កើនការផលិត និងការកែច្នៃ ឲ្យ ស្របតាមសង់ដារចំណីអាហារ ដើម្បីលក់ទៅទីផ្សារផងដែរ​ នៅ​ពេល​ទទួល​បាន​ឥណទាន​ពីធនាគារ។
គួរបញ្ជាក់ផងដែរថា ផ្ទៃដីដាំដុះស្វាយចន្ទី​ ទូទាំងខេត្តក្រចេះមានប្រមាណជា​ ង៨០​ ០០០ហិកតា​។
ជាកិច្ចបញ្ចប់ ឆ្លៀតឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ប្អូនៗនិស្សិត ទាំងអស់ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើស តំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន៕