ឯកឧត្តម បាន លឹម អមដោយសហការី បានទទួលជួបពិភាក្សាជាមួយតំណាង GIZ លើគម្រោង EU-Cambodia Partnership
16 មិថុនា 2023
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អមដោយសហការី បានទទួលជួបពិភាក្សាជាមួយតំណាង GIZ លើគម្រោង EU-Cambodia Partnership for Sustainable Agriculture Value Chains and Food System (CAPsafe)។ ក្នុងជំនួបនេះ, តំណាង GIZ បានបង្ហាញអំពីគោលដៅ និងក្របខ័ណ្ឌនៃ CAPsafe ដែលគ្រោងនឹងអនុវត្តក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ (២០២៤-២០២៩) ដោយសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រដល់ប្រជាកសិករខ្នាតតូច, សហគមន៍កសិកម្ម, និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកសិកម្ម និងវិស័យកែច្នៃផលិតផលកសិកម្ម។ បន្ថែមនេះ, ឯកឧត្តម បាន លឹម ក៏បានចែករំលែកបទពិសោធការងារ លើការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់កសិកម្ម និងផ្តល់ជាអនុសាសន៍មួយចំនួន ក្នុងការធ្វើការជាមួយប្រជាកសិករ និងសហគមន៍កសិកម្ម។