កម្មវិធីសំណេះសំណាលជាមួយកសិករ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅក្នុងស្រុកគាស់ក្រឡ

26 មិថុនា 2023

ស្រុកគាស់ក្រឡ – បាត់ដំបង៖ កសិករទំនើប ឬសហគ្រិនវិស័យឌីជីថល ជាពាក្យលើកទឹកចិត្ត និងជំរុញដល់បងប្អូនកសិករ អោយមានការគិត និងកែប្រែទម្លាប់ ដែលឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងនៅក្នុង កម្មវិធីសំណេះសំណាលជាមួយកសិករ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅក្នុងស្រុកគាស់ក្រឡ
—‐——————————
ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះស្វាយចន្ទីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានធ្វើការបង្ហាញអំពីវត្ថុបំណង ចង់អោយបងប្អូនកែប្រែខ្លួនទៅជាកសិករទំនេីប ឬសហក្រិនវិស័យឌីជីថល​ ក្នុង​វិស័យ​កសិកម្ម​ គឺ​៖​
1. រៀបចំ​ផែនការ​ដាំដុះ​ ថែទាំ​ និង​ប្រមូល​ផល​
2. គិត​ពីប្រាក់ចំណេញ
3. សិក្សា​បញ្ហា​ប្រឈម
4. គិត​ពីការកាត់បន្ថយចំណាយ
5. ការផ្គត់ផ្គង់ទីផ្សារ និង​តភ្ជាប់​ទីផ្សារ​
ដូចនេះ ដេីម្បីសម្រេចកម្មវត្ថុទាំង​ ៥​ ខាងលើ​នេះ​ ឯកឧត្តមបណ្ឌិតចង់អោយ បងប្អូន​ប្រជា ប្រជាកសិករ​ ចាំ​បាច់​ត្រូវ​រៀប​ចំ​ផែន​ការ​ដាំដុះ​អោយបាន​ច្បាស់លាស់​ ថាតើ​គួរ​ដាំដុះដំណាំអ្វី ហើយគូរដាំនៅពេលណា? ដាំដំណាំ​អ្វី​ខ្លះ​ដែល​ទីផ្សារ​ត្រូវ​ការ​ គួរ​ថែទាំ​របៀប​ណា​ នៃការសំអាត​ស្មៅ​ ដាក់ជី​ ដាក់ទឹក​ បាញ់​ថ្នាំ​ តែង​ដេីម-មែក​ ឬបងប្អូនអាចកែប្រែដី​ណាមួយកុំទុកដីទំនេរចោល គួររកដំណាំប្រភេទណា ដែលអាចអោយយើងដាំដុះរយៈពេលខ្លី ប៉ុន្តែមានទីផ្សារ និងមានតម្រូវការ​។ មួយទៀតបងប្អូនត្រូវចេះកត់ត្រាចំណូល ចំណាយអោយបានច្បាស់លាស់ និងស្វែងរកការចុះកិច្ចសន្យាកសិកម្មដើម្បីធានាស្ថេរភាពទីផ្សារ និងតំលៃ ជាដើម។ ល។
ស្របពេលជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត ក៏បានអនុញ្ញាតអោយបងប្អូនប្រជាកសិករ ឡើងបញ្ចេញមតិ និងទស្សនៈផ្សេងៗជុំវិញ បញ្ហាវិស័យកសិកម្មដែលបងប្អូនកំពុងប្រឈម និងកំពុងជួបផលវិបាក និងជាពិសេសពាក់ព័ន្ធនឹងស្វាយចន្ទី។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានអនុញ្ញាតបងប្អូន ដាំដុះស្វាយចន្ទី លើកជាសំណើរ និងសំណូមពរ មកធនាគារ ARDB ផងដែរ។
យកឱកាសនៃការជួបជុំនៅព្រឹកនេះ, ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើរ សំណូមពរ និងជូនយោបល់មួយចំនួនដល់បងប្អូនកសិករ នៅក្នុងស្រុកគាស់ក្រឡ៖
1. ណែនាំអំពីព័ត៍មានទីផ្សារស្វាយចន្ទីនៅក្នុងស្រុក និងទីផ្សារក្រៅប្រទេស ដែលបច្ចុប្បន្នកំពុងមានតំរូវការខ្ពស់។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយស្វាយចន្ទី និងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ចង់ប្រែក្លាយប្រទេសកម្ពុជាជាអធិរាជនាំចេញស្វាយចន្ទីទៅកាន់ពិភពលោក។ ដូចនេះ ឯកឧត្តមបណ្ឌិត ចង់អោយបងប្អូន គួរចងក្រងគ្នាជាសហគមន៍ ឬបណ្តុំផលិតស្វាយចន្ទីនៅក្នុងតំបន់របស់ខ្លួន ដោយរៀបចំអោយមានរចនាសម្ព័ន្អច្បាស់លាស់ មានឃ្លាំងស្តុក សប្បិកម្មកែច្នៃស្វាយចន្ទី របស់ខ្លួនផ្ទាល់។ ការណ៍នេះបងប្អូនអាចទទួលបានផលចំនេញច្រើនចូលក្នុងសហគមន៍ផ្ទាល់ ដោយមិនមានការបារម្មណ៍ការទំលាក់ថ្លៃពីឈ្មួញកណ្តាល។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំផងដែរ អំពីកញ្ចប់ឥណទានពិសេសអត្រាការប្រាក់ទាប របស់រាជរដ្ឋាភិបាលគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី។ ដូចនេះបងប្អូន អាចធ្វើការទំនាក់ទំនងមានធនាគារ ARDB ដើម្បីទទួលបានកម្ចីអត្រាការប្រាក់ទាប។
2. ក្រៅពីកញ្ចប់ឥណទានគាំទ្រដល់ស្វាចន្ទី, ឯកឧត្តមបណ្ឌិត បានធ្វើការផ្សេព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់វិស័យកសិកម្មទាំងមូល មានដូចជា ការចញ្ចឹមសត្វ ដាំដុះបន្លែ ក្នុងផ្ទះសំណាញ់ ជាដើម។ល។ ដូចនេះ ក្នុងករណីបងប្អូន ​ប្រជាកសិករ​ ឬបណ្តុំផលិត​ ណាម្នាក់ចង់បានឥណទាន​ ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន បងប្អូនអាចស្នើសុំឥណទានពីធនាគារ​ ARDB បានក្នុង​អត្រា​ការប្រាក់​សមរម្យ​។
3. ណែនាំអោយបងប្អូនកែប្រែទម្លាប់ពីការធ្វើកសិកម្មចញ្ជឹមឆ្នាំងបាយ អោយក្លាយជាការធ្វើកសិកម្មបែបសហគ្រិន ពោលគឺមានលទ្ធភាពធ្វើការផ្គត់ផ្គង់ដល់ទីផ្សារ បន្ថែមពីលើការផ្គត់ផ្គង់ក្នុងគ្រួសារ។
4. លើកទឹកចិត្តអោយបងប្អូនត្រូវធ្វើការសិក្សារៀនសូត្របន្ថែមអំពីបច្ចេកទេសដាំដុះ ដោយកុំធ្វើតាមទម្លាប់ដដែលៗ ដែលចេះតគ្នា។
5. រៀនតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ ហើយ ត្រូវចេះជ្រើសរើសការដាំដំណាំតាមរដូវ និងមានទីផ្សារ និងមានតំរូវការ ។ ណាមួយបងប្អូនគួរកុំជ្រើសរើសការដាំដុះដំណាំតាមគ្នា ដោយពុំមានព័ត៍មានច្បាស់លាស់។
6. ណែនាំអោយបងប្អូនចេះកែប្រែដំណាំ និងកែប្រែដី ដើម្បីអោយការដាំដុះទទួលបានទិន្នផលខ្ពស់។
7. ណែនាំ អោយបងប្អូនកុំទុកដីអោយទំនេរ និងកែប្រែទម្លាប់ ពីការដាំដុះដំណាំតែមួយមុខ អោយ ឆ្លៀតចញ្ចឹមសត្វបន្ថែម ដើម្បីទទួលបានចំណូលបន្ថែម។
8. ចុងបញ្ចប់, ឯកឧត្តមបណ្ឌិត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករ សហគនម៍កសិកម្ម ទាំងអស់ដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះទាំងអស់គ្នា កុំបីខានផងដែរ៕