កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ
26 មិថុនា 2023
កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ
—————————
សភាពាណិជ្ជកម្ម ខេត្តបាត់ដំបង : រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីន ក្រុមហ៊ុននាំចេញអង្ករ ដែលអញ្ជើញមកពីខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
យកឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត បានស្នើសុំ និងជម្រាបជូនដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ដែលមានវត្តមាន ថា៖
1. សម្រាប់រដូវប្រមូលផលស្រូវដែលនឹងមកដល់ ខាងមុខ ឯកឧត្តមបណ្ឌិត សូមធ្វើការស្នើសុំ និងបន្តជំរុញលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញស្រូវពីកសិករអោយអស់ពីលទ្ធភាពក្នុងតំលៃទីផ្សារ។ ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រោងម៉ាស៊ីនទាំងអស់នឹងធ្វើការសហការគ្នា ដោយសាមគ្គីភាព ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញអោយផែនការនាំចេញអង្ករ១លានតោនរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅតែបន្តផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីនធ្វើការប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ។
2. សម្រាប់រដូវប្រមូលផលស្រូវ ឯកឧត្តមបណ្ឌិត ស្នើសុំម្ចាស់រោងម៉ាស៊ីនកិនស្រូវ រៀបចំបង្កើតទីផ្សារទិញស្រូវក្នុងតំបន់របស់ខ្លួន អោយបានច្រេីនកន្លែង និងច្រើនទីតាំង ដេីម្បីបង្ករភាពងាយស្រួលដល់ប្រជាកសិករធ្វើការប្រមូលផ្តុំ យកស្រូវមកលក់ និងកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនរបស់បងប្អូនកសិករផងដែរ។
3. ឯកឧត្តមបណ្ឌិត ស្នើសុំដល់តំណាងអ្នកទិញស្រូវរបស់រោងម៉ាស៊ីន ដោយធ្វើការទូទាត់ប្រាក់នៃការទិញ-លក់ស្រូវពីបងប្អូនកសិករ តាមរយៈ APP របស់ធនាគារ ARDB ដែលអាចផ្ទេរទៅធនាគារផ្សេងៗបានយ៉ាងងាយស្រួល និងរហ័ស។ ក្នុងន័យនេះ , ឯកឧត្តមបណ្ឌិត លើកទឹកចិត្តអោយម្ចាស់រោងម៉ាស៊ីនទាំងអស់នៅពេលខ្វះថវិកាទិញស្រូវ អាចធ្វើការស្នើសុំឥណទានបន្ថែម ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន គ្រាន់តែបំពេញតាមលក្ខខណ្ឌគុណវុឌ្ឍរបស់ធនាគារតែប៉ណ្ណោះ ឬក៏ដាក់ស្តុកស្រូវ-អង្ករ ជាទ្រព្យធានា។ ឯកឧត្តមបណ្ឌិតបានធ្វើការ ស្នើសុំដ៏ទទូចដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់សូមមានអោយមានសាមគ្គីភាពរវាងគ្នា កុំធ្វើការប្រកួតប្រជែងគ្នា និងសូមធ្វើការរួបរួមគ្នាដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជាប្រកបដោយវិបុលភាព និងភាពរីកចម្រើន។
4. ស្នើសុំម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់សូមមេត្តាជួយសម្រួល និងអនុញ្ញាត ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាកម្មកររបស់ខ្លួន បានចេញទៅបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន។
5. ក្រោយពីបញ្ចប់ការប្រជុំនេះ ឯកឧត្ដមបណ្ឌិតបានបន្តបេសកកម្មចុះត្រួតពិនិត្យមើលការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលបានផ្តល់ជូនតាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន ៥ ក្នុងភូមិសាស្ត្រស្រុកមោងឬស្សី ខេត្តបាត់ដំបង និងបន្ទាយមានជ័យ៖
• ធនាគារស្រូវកម្ពុជា
• រោងម៉ាស៊ីនកិនស្រូវ ភួ ប៉ូយ
• រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ
• រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី
• និងរោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ៕