ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​ចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចំនួន​ពីរ​ គឺ​ក្រុម​ហ៊ុន​ព្រីម្លិះ​ ខបភេីរេសិន (កំពង់ស្ពឺ​)​ និង​រោង​ម៉ាស៊ីន​ភូគុគី​ (ពោធិ៍សាត់​)

30 កក្កដា 2023

កំពង់​ស្ពឺ​-​ពោធិ៍សាត់​៖​ នា​រសៀល​ថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចំនួន​ពីរ​ គឺ​ក្រុម​ហ៊ុន​ព្រីម្លិះ​ ខបភេីរេសិន (កំពង់ស្ពឺ​)​ និង​រោង​ម៉ាស៊ីន​ភូគុគី​ (ពោធិ៍សាត់​)។
ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីន​ និង​អ្នក​គ្រប់គ្រង​ ដោយបាន​ស្នេីសុំ​ដល់ក្រុម​ហ៊ុន​ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ឱ្យ​បន្ត​​ទិញ​ស្រូវ​ពី​​ប្រជា​កសិករ​នារដូវ​ច្រូតកាត់​ប្រមូល​ផល​ខាង​មុខនេះ​ក្នុង​តម្លៃ​សមរម្យ​តាម​ទីផ្សារ​។ ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ ក៏បាន​ស្នេី​ និងជំរុញ​​លេីក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​កែច្នៃ​សម្រាប់​នាំ​ចេញ​ទៅ​ទី​ផ្សារ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​នាំ​អង្ករ​ចេញ​។