ឯកឧត្តមបណ្ឌិត កៅ ថាច និងមានការចូលរួមពីតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ( CRF) បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមហ៊ុននាំចេញអង្ករ

31 កក្កដា 2023

ខេត្តបាត់ដំបង, ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមានការចូលរួមពីតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ( CRF) បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមហ៊ុននាំចេញអង្ករដើម្បីពង្រឹងសាមគ្គីភាព និងដាក់ចេញវិធានការនានាដើម្បីពង្រឹងការផលិត ការនាំចេញអង្ករអោយបានគ្រប់ផែនការ១លានតោន និង ដើម្បីអោយមានស្ថេរភាព តុល្យភាព និងការពារអោយបាន នូវវិបត្តិសន្តិសុខស្បៀង ដែលអាចកើតមានជាយថាហេតុ នៅកម្ពុជា។
យកឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត បានធ្វើការរំលឹកឡើងវិញអំពីលទ្ធផលនៃកិច្ចប្រជុំកន្លងមកកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការកត់សំគាល់ចំនួន៣ ចំណុច ជូនដល់សមាជិកអង្គប្រជុំទាំងអស់ ៖
(1)ស្ថានភាពនៃប្រភេទពូជស្រូវដែលកំពុងពេញនិយមដាំដុះដោយកសិករ និង សហគមន៍កសិកម្ម តាមដំបន់ដូចជាប្រភេទស្រូវសែនក្រអូប ស្រង៉ែ ជាដើម បញ្ហាប្រឈមនានាដូចជាការប្រែប្រួលអាកាសធាតុដែលអាចប៉ះពាល់ដល់ទិន្នផលនារដូវកាលប្រមូលផលខាងមុខ។
(2) រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ មេត្តាត្រៀមប្រមូលទិញស្រូវពីកសិករនារដូវប្រមូលផលខាងមុខ ពង្រឹងនិងពង្រីកការកែច្នៃអង្ករ និងពិនិត្យលទ្ធភាពផ្សារភ្ជាប់ជាមួយសហគមន៍ផលិតស្រូវចំណីដើម្បីនាធាបាននូវគុណភាព តម្លៃទីផ្សារ និងបរិមាណផ្គត់ផ្គង់សម្រាប់ការនាំចេញ។
(3) រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ សហការ និងរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ផ្តល់ព័ត៌មានឲ្យគ្នានូវការវិវឌ្ឍនៃវិស័យស្រូវអង្ករក្នុងតំបន់ និងអន្តរជាតិ តាមរយះវេទិការជួបជុំគ្នាជាប្រចាំ ដោយក្នុងនោះ ឯកឧត្តមបណ្ឌិត ស្នើអោយមានការជួបជុំ មួយខែម្តងៗ ដើម្បីដោះស្រាយបញ្ហានានា ជាមួយគ្នា។