ការផលិតពូជស្រូវសុទ្ធបានកើនឡើងដែលជាមូលដ្ឋានសម្រាប់ពង្រីកការផលិតពូជស្រូវផ្ការំដួលនៅឆ្នាំ ២០២៤
14 តុលា 2023
ក្រុមការងារនាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនិស្សិតស្ម័គ្រចិត្ត បានចូលរួមត្រួតពិនិត្យគុណភាពផលិតកម្មទីវាល តាមបណ្តាក្រុមកសិករ និងសហគមន៍កសិកម្មផលិតពូជស្រូវផ្ការំដួល ស្ថិតនៅឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីធានាថាការដាំដុះថែទាំពិតជាបានអនុវត្តន៍តាមគោលការណ៍និងស្តង់ដាពូជសុទ្ធល្អ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលថ្ងៃទី ០៣ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបន្ទុកការងារផលិតពូជស្រូវសុទ្ធ បានគូសបញ្ជាក់ថា ចំនួនកសិករចូលរួមការផលិតគ្រាប់ពូជស្រូវសុទ្ធនៅឆ្នាំ ២០២៣ មានការកេីនឡេីង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកការផលិតពូជស្រូវផ្ការំដួលនៅរដូវ ឆ្នាំ ២០២៤៕