ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)ចូលរួមពិព័រណ៍កសិកម្មវាលបៃតង និងអាហារ បង្ហាញពីផលិតផល និងសេវាកម្ម

16 កុម្ភៈ 2024

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម ARDB បានចូលរួមដាក់តាំងបង្ហាញផលិតផល​ និងសេវាកម្ម នៅក្នុងកម្មវិធី​ «ពិព័រណ៍កសិកម្មវាលបៃតង និងអាហារ»ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦​ ដល់​ ថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០២៤។
កម្មវិធីពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ ខាងលើនេះ មានគោលបំណងសំខាន់ៗ​ដូចជា៖​
(​១)-ផ្សព្វផ្សាយទៅកាន់សាធារណៈជនទូទៅអំពីសកម្មភាពសំខាន់ៗ ដែលសាកលវិទ្យាល័យបាននឹងកំពុងអនុវត្ត​ និងអភិវឌ្ឍន៍, (២)- តាំងបង្ហាញអំពីស្នាដៃសមិទ្ធផល ព្រមទាំងការលក់ផលិតផលកែច្នៃផ្សេងៗរបស់និស្សិតទៅកាន់សាធារណៈជន, (៣)-ការបង្កើតឱកាសដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតក្នុងការអនុវត្តន៍ ជាក់ស្តែងអំពីអាជីវកម្មផ្សារភ្ជាប់នឹងទីផ្សារ,(៤) ចូលរួម​ និងបង្កើនទំនាក់ទំនងរវាងស្ថាប័នរដ្ឋ សហគមន៍កសិកម្ម ក្រុមហ៊ុន វិស័យឯកជន និងអង្គភាពជាដៃគូសហការជាមួយសាកលវិទ្យាល័យ ក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលផ្សេងៗនៅក្នុងកម្មវិធីពិព័រណ៍។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍កសិកម្មវាលបៃតង​ និងអាហារនេះនឹងចាប់ផ្តើមបើកកម្មវិធីពិព័រណ៍នៅល្ងាចម៉ោង៥:០០នេះតទៅ៕