កិច្ចប្រជុំរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលេខាធិការដ្ឋាននៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើការពិនិត្យវឌ្ឍភាពនៃការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី ៤៧ នៅប្រទេសកម្ពុជា
21 មីនា 2024
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា ឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB បានដឹកនាំសហការីប្រជុំជាមួយលេខាធិការដ្ឋាននៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធអនឡាញ ដើម្បីពិនិត្យវឌ្ឍភាពនៃការរៀបចំការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី ៤៧ នៅប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ។ កិច្ចប្រជុំប្រចាំឆ្នាំនេះ គឺជាកិច្ចប្រជុំថ្នាក់តំបន់មួយ ក្រោមប្រធានបទ “តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព” ដែលគ្រោងនឹងមានស្ថាប័នចូលរួមប្រមាណជា ៩៣ ស្ថានប័ន មកពី ៤១ ប្រទេស ដែលជាសមាជិក ADFIAP និងភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។