ឯកឧត្ដមបណ្ឌិត កៅ ថាច បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន

27 សីហា 2024

នៅ​រសៀល​ ថ្ងៃ​អង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤​ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន​។
ឆ្លៀត​ក្នុងឱកាស​​ជំនួប​នេះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួង​បរិស្ថាន​ ដែល​តែង​តែ​ផ្ដល់​ការ​សហការ​ និង​ការ​ជ្រុំជ្រែងដល់​ធនាគារ​ ARDB ក្នុង​ការ​សម្រេច​បាន​នូវ​ការ​យក​ទុនពី​មូលនិធិ​អាកាស​ធាតុបៃតង​ Green Climate Fund (GCF) ថ្មី​ៗ​កន្លង​ទៅ​នេះ។
កិច្ចពិភាក្សា​នៅ​រសៀល​នេះ​ ភាគី​ទាំងពីរ​ ក៏​បាន​ប្តេជ្ញា​ក្នុង​ការបន្ត​កិច្ចការ​សហប្រតិបត្តិការ​ជាមួយ​គ្នា​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​ ជាពិសេស​លេី​ហិរញ្ញ​ប្បទាន​បៃតង​ដល់​សហគមន៍​បរិស្ថាន​ផងដែរ​។