ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានរៀបចំកម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP
26 សីហា 2024
ភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានរៀបចំកម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP ស្តីពី “ការរាយការណ៍ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព (SRM)និងការដាក់បញ្ចូលនិរន្តរភាពទៅក្នុង DNAសាជីវកម្ម” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការនៃសមាគមស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លោកស្រី Sandra Honrado ប្រធានក្រុមនៃវិទ្យាស្ថាន ADFIAP និងសមាជិក ព្រមទាំងលេខាធិការដ្ឋាន ADFIAP។ ឯកឧត្តមបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា កម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP រយៈពេល ៤ថ្ងៃនេះ នឹងជំរុញថ្នាក់គ្រប់គ្រង និងមន្ត្រីជាន់ខ្ពស់របស់ធនាគារ បង្កើនការយល់ដឹងអំពីរបាយការណ៍និរន្តរភាព និងការគ្រប់គ្រង ព្រមទាំងពង្រឹងសមត្ថភាព ស្របតាមចក្ខុវិស័យរបស់ធនាគារ។
ចំណែកគោលការណ៍ និងការអនុវត្តដែលបានពិភាក្សា ក្នុងអំឡុងពេលនៃការបណ្តុះបណ្តាលនឹងត្រូវបានអនុវត្តតាមរយៈការដាក់បញ្ចូលទៅក្នុងដំណើរការសម្រេចចិត្ត និងកិច្ចការប្រចាំថ្ងៃនៃនាយកដ្ឋាននីមួយៗផងដែរ។
លើសពីនេះ ផែនការសកម្មភាព និងការផ្ទេរចំណេះដឹង ដែលទទួលបានពីការបណ្តុះបណ្តាលនេះនឹងត្រូវផ្តល់ដល់បុគ្គលិកផ្សេងទៀតដើម្បីរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរួម និងចក្ខុវិស័យរបស់ទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិត បានចាត់ទុកថា កម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP នាពេលនេះ គឺជាសក្ខីភាពមួយ បង្ហាញពីទំនាក់ទំនងរវាង ARDB និង ADFIAP ហើយសូមអរគុណ ចំពោះការគាំទ្រ និងភាពជាអ្នកដឹកនាំដែលកំពុងបន្ត ក្នុងការលើកកម្ពស់ និរន្តរភាព ការអភិវឌ្ឍន៍នៅទូទាំងតំបន់ ជាពិសេសក្នុងយុគសម័យមួយមានការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយពិភពលោក និងសហគមន៍ក៏កំពុងប្រឈមនឹងការព្រួយបារម្ភខាងបរិស្ថានជាខ្លាំង។ សូមបញ្ជាក់ថា និរន្តរភាពគឺ មានគោលដៅដែលARDBបានប្តេជ្ញាចិត្ត ក្នុងផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំរបស់ខ្លួន(២០២៤-២០៣៣) ដែល ARDB បានប្តេជ្ញាថានឹងជា “គ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនាំមុខ ដែលបានផ្តោតលើការអភិវឌ្ឍវិស័យកសិកម្មជនបទ និងវិស័យបៃតងនៅកម្ពុជា”។