កម្មវិធីចុះអនុស្សរណៈយោគយល់រវាង ធនាគារ ARDB និង បណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី ( Guangxi Academy of Science )
24 កញ្ញា 2024
ណាននិញ-ចិន៖ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ , ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចូលរួមពិភាក្សា ការងារ និងចុះអនុស្សរណៈយោគយល់ រវាង ធនាគារ ARDB និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី (GXAS) ដែលមានមូលដ្ឋាននៅទីក្រុងណាននិញ ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមាណិតចិន។
ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង និងសហការគ្នា របស់ក្រុមការងារទាំងពីរបាន ដែលសម្រេចនិងបានឈានដល់ការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយគ្នានាឱកាសនេះ។ ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា តាមរយៈអនុស្សរណៈនេះនឹងបង្កើតអោយ មានសមិទ្ធិផលធំៗជាច្រើន ដែលមានប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា ជាពិសេប្រយោជន៍ដល់កសិករខ្មែរ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានស្នើទៅកាន់ ភាគីពាក់ព័ន្ធជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រ ក្វាងស៊ី ពិនិត្យលទ្ធភាពធ្វើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយនាំទៅជាមួយនូវបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដើម្បីចូលរួមលើកកម្ពស់ទំនើបកម្មកសិកម្មនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប, តំណាងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី បានសំដែងនូវសេចក្តីពេញចិត្ត និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដែលធនាគារ ARDB បានអនុវត្ត និងសម្រេចបាននាពេលកន្លងមក ហើយរាល់សកម្មភាព និងស្នាដៃរបស់ធនាគារ ARDB បានបង្ហាញពីការព្យាយាម និងជួយជំរុញអោយវិស័យកសិកម្មរបស់កម្ពុជាអោយមានភាពល្អប្រសើរឡើង។ ដូចនេះ ការចាប់ដៃគូ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារ ARDB របស់កម្ពុជា នៅថ្ងៃនេះ ភាគីទាំងពីរនឹងធ្វើអោយសម្រេចបានតាមគោលដៅ និងផែនការ ដូចមានចែងក្នុងអនុស្សរណៈនេះ។
សូមបញ្ជាក់ថា ធនាគារ ARDB និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី បានចុះអនុស្សរណៈ រួមគ្នា លើកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម ,ចូលរួមលើកកម្ពស់ផលិតភាពកសិកម្ម និងការប្រកួតប្រជែង, និងចូលរួមលើកកម្ពស់ការនាំចេញកសិផលរបស់កម្ពុជា មកកាន់ប្រទេសចិន និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម នៅជនបទ។