ឯកឧត្តម​ បាន​ លឹម​ អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត​ កៅ​ ថាច បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ​ “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ​ ជំនាន់ថ្មី ( SARMIS Ver.2 Online )​”

18 ធ្នូ 2024

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០២៤នេះ ឯកឧត្តម​ បាន​ លឹម​ អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ និងលោក​ ពាំង​ ស៊ីផាត​ អនុប្រធាននាយកដ្ឋានរដ្ឋបាល បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ​ “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ​ ជំនាន់ថ្មី ( SARMIS Ver.2 Online )​” នៅ​សណ្ឋាគារសូហ្វីតែល​ ភូគីត្រា​ ភ្នំពេញ​ ដែលប្រព្រឹត្តទៅ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងដោយមានការចូលរួមពីរដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ និងតំណាងអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ​ ដែលជាក្រសួងស្ថាប័ន​ អង្គភាពសាធារណ:ប្រហាក់ប្រហែល​ សហគ្រាសសាធារណៈ នីតិបុគ្គលសាធារណ:​ និងរដ្ឋបាលរាជធានីខេត្ត​ ប្រមាណ​ ៤០០​ នាក់។ ពិធីប្រកាសដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវប្រព័ន្ធ​ SARMIS Ver.2 Online នេះ​ រៀបចំឡើងដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដេីម្បីពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់​ ស័ក្តសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។