កិច្ចសំណេះសំណាល និងប្រជុំផ្សព្វផ្សាយអំពីគម្រោងបង្កើតសហគមន៍ស្រូវ នៅខេត្ត បាត់ដំបង និង បន្ទាយមានជ័យ
13 កក្កដា 2017
ខេត្តបន្ទាយមានជ័យ: ព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៏ជនបទ និងលោកឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា បានចុះសំណេះសំណាល និងជូនដំណឹងដល់ប្រជាកសិករ នៅភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្តីអំពីការបង្កើតសហគមន៌ស្រូវ និងរៀបចំចាត់តាំងកន្លែងប្រមូលផ្តុំលក់ស្រូវនៅពេលរដូវច្រូតកាត់ខាងមុខនេះ ក៏ដូចជាជូនដំណឹងដល់បងប្អូនប្រជាកសិករអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើបញ្ហាតំលៃកសិផល និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាស្រូវអង្ករដែលអាចកើតមានជាយថាហេតុក្នុងពេលខាងមុខនេះ ហើយនឹងធានានូវតំលៃស្រូវជូនប្រជាកសិករផងដែរ។
នៅរសៀលថ្ងៃទី១២ កក្កដា ឆ្នាំ២០១៧ នេះដែរ ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ ព្រមទាំងឧកញ៉ា ភូ ពុយ ប្រធានធនាគារស្រូវកម្ពុជា បានបន្តដំណើពីឃុំរហាត់ទឹកនៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីជួបបងប្អូនប្រជាកសិករនៅឃុំរូងជ្រៅ ស្រុកថ្មគោលនៃខេត្តបាត់ដំបង ដើម្បីគ្រោងរៀបចំសហគមន៍ស្រូវ និងចាត់តាំងទីកន្លែងទិញលក់ស្រូវសម្រាប់រដូវច្រូតកាត់ខាងមុខ ក៏ដូចជាផ្សព្វផ្សាយឥណទានដែលជាកញ្ខប់ថវិការពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ផ្តល់អោយរោងម៉ាស៊ីនស្រូវ ដើម្បីយកទៅទិញស្រូវពីកសិករដែលការណ៍នេះបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះកសិករ ហើយនេះក៏ជាអភិក្រមបុរេសកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ។