លក្ខខណ្ឌ

អំពីកម្មវិធី ARDB Mobile App

សូមអ្នកប្រើប្រាស់មេត្តាអាន លក្ខខណ្ឌ និងខចែងនៃកម្មវិធី ARDB Mobile App ខាងក្រោម ដោយយកចិត្តទុកដាក់។ តាមរយៈការប្រើប្រាស់កម្មវិធី ARDB Mobile App  និង មុខងារដែលអាចរកបានក្នុងកម្មវិធីនេះ អ្នកប្រើប្រាស់ មានកាតព្វកិច្ចបំពេញតាម លក្ខខណ្ឌ និងខចែងរបស់ធនាគារ ARDB ដែលមានដូចខាងក្រោមនេះ។ លក្ខខណ្ឌនិងខចែងទាំងនេះ អាចត្រូវបានធ្វើវិសោធនកម្មយោងតាមការតម្រូវរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជូនដំណឹងដល់អ្នកប្រើប្រាស់នៅលើកម្មវិធី ARDB Mobile App។ អ្នកប្រើប្រាស់ គួរតែអាន លក្ខខណ្ឌនិងខចែងទាំងនេះដោយយកចិត្ត​ទុកដាក់ម្តងទៀតរាល់ពេលប្រើប្រាស់កម្មវិធី។ អ្នកប្រើប្រាស់ត្រូវបានសន្មតថា បានយល់ព្រមទៅនឹង លក្ខខណ្ឌនិងខចែង ក្នុងករណី លក្ខខណ្ឌ និងខចែង ត្រូវបានធ្វើវិសោធនកម្ម នោះអ្នកប្រើប្រាស់នៅបន្ត​ប្រើកម្មវិធីនេះទោះមានការផ្លាស់ប្តូរទៅលើ លក្ខខណ្ឌ និងខចែង ក៏ដោយ។

លក្ខខណ្ឌ និងខចែងទាំងនេះ គឺជាកាតព្វកិច្ចបន្ថែមពីលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ (License Agreement) ដែលបានឯកភាពរវាងអ្នកប្រើប្រាស់ និងអ្នកផ្តល់សេវាកម្មវិធី (រាប់បញ្ចូលទាំង Google Play និង App Store) សម្រាប់ការប្រើប្រាស់នូវសេវាកម្មវិធីទាំងនេះផ្តល់ជូន។ ក្នុងករណីដែលមានភាពមិនស៊ីចង្វាក់គ្នា ឬវិវាទណាមួយកើតឡើង រវាង “License Agreement” នឹង លក្ខខណ្ឌនិងខចែងទាំងនេះ អ្នកប្រើប្រាស់មិនអាចតវ៉ាផ្ទុយពី លក្ខខណ្ឌនិងខចែងនេះបានឡើយ។​

និយមន័យ

គណនី សំដៅដល់ គណនីដែលបើកនៅធនាគារ  ARDB រួមមាន គណនីប្រាក់បញ្ញើ-សន្សំ គណនីប្រាក់បញ្ញើចរន្ត គណនីប្រាក់បញ្ញើមានកាលកំណត់ ឬគណនីផ្សេងទៀត ជាប្រាក់រៀល ឬជាប្រាក់ដុល្លារដុល្លារអាមេរិក។ ប្រភេទរូបិយប័ណ្ណផ្សេងទៀតអាចមានបញ្ចូលបន្ថែមទៀត នៅពេលក្រោយ។
ឧបករណ៍កំណត់អត្តសញ្ញាណតាមជីវមាត្រ (Biometric Identifier): សំដៅដល់ស្នាមម្រាមដៃ ទិន្នន័យផ្ទៃមុខ និងមធ្យោបាយផ្សេងៗ ដែលក្រុមហ៊ុន​​​​​​ផលិតឧបករណ៍ទូរស័ព្ទ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណខ្លួន សម្រាប់គោលបំណងបើកមើល (unlock) ឧបករណ៍​ចល័តរបស់ពួកគេ និងចូលប្រើប្រាស់កម្មវិធីមួយចំនួន រួមទាំងកម្មវិធី ARDB Mobile App។
លេខ CIF សំដៅដល់លេខសម្គាល់អត្តសញ្ញាណអតិថិជន ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ ARDB ហើយអតិថិជនទទួលបាននៅពេលដែលបើកគណនីជាមួយធនាគារ ARDBរួចរាល់។
អតិថិជន សំដៅដល់ម្ចាស់គណនី ARDB និងមិនមែនម្ចាស់គណនី ARDB ដែលបានប្រើប្រាស់សេវាកម្មនៅធនាគារ ARDB តែម្តងក៏ដោយ (one off-service) ហើយអតិថិជនទាំងអស់ត្រូវមានទម្រង់នៃការវាយតម្លៃផ្សេងៗគ្នា។
របាយការណ៍អេឡិចត្រូនិក  (e-Statement) សំដៅលើរបាយការណ៍សេវាធនាគារដែលត្រូវបានបញ្ចូលរួមគ្នាមួយសម្រាប់​បង្ហាញពីកំណត់-​ត្រាសកម្មភាពអតិថិជននៅក្នុងធនាគារ ARDB សម្រាប់រយៈពេលជាក់លាក់ណាមួយ។ របាយការណ៍នេះ ប្រើសម្រាប់គោលបំណងផ្តល់ជាពត៌មានតែមួយប៉ុណ្ណោះ។
ការទូទាត់ សំដៅដល់ដំណើរធ្វើប្រតិបត្តិការទូទាត់ ដែលអតិថិជនធ្វើឡើងតាមរយៈ ARDB​ Mobile App ដើម្បីដកប្រាក់ចេញពីគណនី ក្នុងគោលបំណងធ្វើការទូទាត់ទៅគណនីអ្នកទទួលផលមួយទៀត។ ឧទាហរណ៍ ការទូទាត់ទំនិញផ្សេងៗ។
ឈ្មោះអ្នកប្រើប្រាស់ (Username) សំដៅដល់អត្តសញ្ញាណឈ្មោះរបស់អ្នកប្រើប្រាស់ សម្រាប់ចូលទៅ ​​កម្មវិធី ARDB Mobile App។ អត្តសញ្ញាណនេះ ត្រូវបង្កើតឡើងនៅពេលបើកដំណើរការដំបូង និងអតិថិជនត្រូវចងចាំទុកសម្រាប់ប្រើប្រាស់ពេលក្រោយ។
ពត៌មានផ្ទាល់ខ្លួន សំដៅដល់ ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានផ្តល់ជូនដោយអតិថិជនមកកាន់ធនាគារ ARDB ដូចជា ឈ្មោះ, លេខអត្តសញ្ញាណបណ្ណ, ថ្ងៃខែឆ្នំាកំណើត, លេខទូស័ព្ទ, Email, អាសយដ្ឋាន ជាដើម។
អត្តសញ្ញាណទូរស័ព្ទ សំដៅដល់លេខកំណត់អត្តសញ្ញាណដាច់ដោយឡែកមួយ ផ្តល់ទៅឱ្យអតិថិជនប្រើប្រាស់កម្មវិធី ARDB Mobile App នីមួយៗ នៅពេលចុះឈ្មោះ។
ប្រតិបត្តិករទូរស័ព្ទ សំដៅដល់ ប្រតិបត្តិករបម្រើសេវាទូរស័ព្ទចល័ត
លេខសម្ងាត់ PIN សំដៅដល់លេខសម្ងាត់ទាំង ៦ (ប្រាំមួយ) ខ្ទង់ ប្រើដើម្បីចូលទៅប្រើប្រាស់ ARDB Mobile App និងប្រើប្រាស់សម្រាប់បញ្ចាក់រាល់ប្រតិបត្តិការ
ការជូនដំណឹង សំដៅដល់ សារទូរស័ព្ទ​ (SMS) និងការជូនដំណឹងនៅក្នុងកម្មវិធីទូរស័ព្ទដៃអតិថិជន អំពីឱកាសផ្សេងៗពាក់ព័ន្ធនឹងប្រតិបត្តិការធនាគារ, ការផ្សព្វផ្សាយ ពាណិជ្ជកម្ម ឬការជូនដំណឹងផ្សេងៗដែលផ្ញើរជូនដោយធនាគារ ARDB។
Security Credential សំដៅដល់ លេខកូដសម្ងាត់, លេខអត្តសញ្ញាណផ្ទាល់ខ្លួន​ ​​ឬលេខអត្តសញ្ញាណសម្រាប់ចូលទៅប្រើប្រាស់, លេខសម្ងាត់សម្រាប់ប្រើតែមួយដង (OTP),លេខកូដផ្សេងទៀត និងនីតិវិធីរួមមាន សារខ្លីៗតាមទូរស័ព្ទ (SMS) ក៏ដូចជាការប្រើប្រាស់សេវាកម្មក្នុងកម្មវិធី ARDB Mobile App ដែលផ្តល់ជូនដោយធនាគារ ARDB ពីពេលមួយទៅពេលមួយ។
ប្រវត្តិប្រតិបត្តិការ សំដៅដល់ បញ្ជីប្រតិបត្តិការទាំងអស់ ដែលត្រូវបានដាក់បញ្ចូល ឬធ្វើឡើងនៅក្នុងគណនី ARDB ក្នុងអំឡុងពេលជាក់លាក់ណាមួយ។
ស្កែន QR: សំដៅដល់ សេវាស្កែន QR កូដនៅក្នុងកម្មវិធី ARDB Mobile App ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្កែន និងទូរទាត់ នៅតាមទីតាំងដែលធនាគារ ARDB អនុញ្ញាត ឬទីតាំងរបស់ធនាគារ ARDB ផ្សេងទៀត ដើម្បីធ្វើប្រតិបត្តិការទូទាត់។
GPS សំដៅដល់ ទីតាំងអ្នកប្រើប្រាស់នៅពេលអតិថិជនចូលទៅប្រើកម្មវិធី ARDB​ Mobile App។

លក្ខណៈនៃកម្មវិធី ARDB Mobile App រួមមាន៖

ការគ្រប់គ្រង់គណនី៖ គណនីប្រាក់បញ្ញើសន្សំ/ គណនីប្រាក់បញ្ញើចរន្ត/ គណនីប្រាក់បញ្ញើមានកាលកំណត់/ របាយការណ៍សង្ខេបអំពីគណនី/ របាយកាណ៍ក្នុងពេលកំណត់ណាមួយ/ ការពិនិត្យមើលពីចំនួនទឹកប្រាក់ក្នុងគណនី/និងការទាញយករបាយការណ៍គណនី

ការផ្ទេរប្រាក់       ៖    ការគ្រប់គ្រង់គណនីអ្នកទទួលផល/ការផ្ទេរសាច់ប្រាក់វាងគណនីរបស់អតិថិជនផ្ទាល់/    ការ​​ផ្ទេរសាច់ប្រាក់រវាងគណនីនៅក្នុងធនាគារ ARDB

ការទូទាត់ប្រាក់    ៖    ការទូទាត់វិក្កយបត្រអគ្គិសនី ទឹក និងផ្សេងៗទៀត

ការបញ្ចូលទឹកប្រាក់ក្នុងប្រព័ន្ធទូរស័ព្ទ៖ ការបញ្ចូលទឹកប្រាក់គ្រប់ប្រព័ន្ធ ទៅក្នុងទូរស័ព្ទដៃ

ប្រាក់កម្ចី          ៖    ការពិនិត្យសមតុល្យប្រាក់កម្ចី/ការពិនិត្យមើលទឹកប្រាក់ដែលត្រូវបង់សង/កាលវិភាគបង់សង

អត្ថប្រយោជន៍

១.  សេវាកម្មធនាគារឌីជីថលរបស់ធនាគារ ARDB មានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ និងចំណាយពេលវេលាតិច

២. សន្សំពេលវេលា, កាត់បន្ថយហានិភ័យទទួលសាច់ប្រាក់ក្លែងក្លាយ​, កាត់បន្ថយហានិភ័យក្នុងការប្រើប្រាស់សាច់ប្រាក់

៣. ទទួលបានឱកាសប្រើប្រាស់សេវាផ្សេងទៀតរបស់ធនាគារ ARDB

៤. មានភាពងាយស្រួល និងមានសុវត្ថិភាពសម្រាប់ការផ្ទេរនិងទូរទាត់សាច់ប្រាក់ក្នុងស្រុក

កម្រិតលើប្រតិបត្តិការ

ធនាគារ ARDB រក្សាសិទ្ធិ ក្នុងការកំណត់ និងផ្លាស់ប្តូរ ការកំណត់ចំនួនសាច់ប្រាក់ប្រតិបត្តិការ,លក្ខខណ្ឌ, ទិសដៅនៃការផ្ទេរសាច់ប្រាក់ និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងទុកជាមុន ដែលជាផ្នែកមួយនៃវិធានការកាត់បន្ថយហានិភ័យរបស់ធនាគារ។

លទ្ធភាពការប្រើប្រាស់

១. ការចូលទៅប្រើប្រាស់ ARDB Mobile App អាចធ្វើទៅបានសម្រាប់រាល់អតិថិជនដែលមានគណនីផ្ទាល់ខ្លួននៅធនាគារស្រាប់។ ព័ត៌មាននៃប្រភេទគណនីដែលត្រូវបានរៀបឡើងសម្រាប់ការចូលទៅប្រើប្រាស់កម្មវិធី ARDB Mobile App ត្រូវបានកំណត់នៅក្នុង លក្ខខណ្ឌនិងខចែងរបស់គណនីទាំងនោះ។

២. អតិថិជនអាចស្នើសុំប្រើប្រាស់កម្មវិធី ARDB Mobile App ប្រសិនបើអតិថិជនមានបំណងចង់ប្រើប្រាស់កម្មវិធីនេះ។ ការកំណត់ប្រតិបត្តិការប្រចំាថ្ងៃ គឺត្រូវបានកំណត់ដោយធនាគារ ARDB ឬអាចត្រូវបានស្នើដោយអ្នកប្រើប្រាស់ (ស្ថិតក្រោមការអនុញ្ញាត​​​​ពីធនាគារ ARDB)។

៣.កម្មវិធី ARDB Mobile App អាចប្រើប្រាស់ទៅបានដោយមានប្រព័ន្ធអ៊ីនធើណិតភ្ជាប់ទៅនឹងឧបករណ៍ទូរស័ព្ធដៃមួយ ដែលអាចដំណើរការប្រព័ន្ធប្រតិបត្តិការរៀបចំដោយធនាគារ ARDB។

  • បន្ទាប់ពីការចុះឈ្មោះសម្រាប់ប្រើប្រាស់ ARDB Mobile App, គ្រប់គណនីអតិថិជនទាំងអស់ (គណនីបុគ្គល ឬគណនីរួមគ្នា) នៅធនាគារ ARDB នឹងត្រូវបានភ្ជាប់ទៅកាន់កម្មវិធី ARDB Mobile App ដោយស្វ័យប្រវត្តិ។ គណនីមួយចំនួន ត្រូវបានកំណត់ធ្វើប្រតិបត្តិការបានតែលើ ការផ្ទេរប្រាក់ និងការទូទាត់វិក្កយបត្រតែប៉ុណ្ណោះ អាស្រ័យ លើលក្ខខណ្ឌរបស់គណនីផ្ទាល់នោះ។

ដែនកំណត់លើការប្រើប្រាស់

ដែនកំណត់នៃប្រតិបត្តិការផ្ទេរសាច់ប្រាក់ប្រចាំថ្ងៃ ត្រូវបានកំណត់ដោយធនាគារ ARDB និងយោងតាមការស្នើសុំរបស់អតិថិជនដោយផ្ទាល់ (ស្ថិតក្រោមការអនុញ្ញាតពីធនាគារ ARDB)។

  • ប្រសិនបើមានការផ្លាស់ប្តូរដែនកំណត់ប្រតិបត្តិការប្រចាំថ្ងៃ, អតិថិជន ត្រូវស្នើសុំជាលាយលក្ខណ៍អក្សរមកកាន់ធនាគារ ARDB សម្រាប់ការប្រែប្រួលចំពោះរាល់ប្រតិបត្តិការទាំងឡាយណាដែលធ្វើឡើងតាមរយៈកម្មវិធី ARDB Mobile App ដូចជាការបង្កើន ឬការបន្ថយ ដែនកំណត់នៃប្រតិបត្តិការប្រចាំថ្ងៃ។

ការផ្តល់សញ្ញានៅក្នុងកម្មវិធី App

អតិថិជន យល់ព្រមទទួលការផ្តល់សញ្ញា Alert ឬ Notificationសម្រាប់ប្រតិបត្តិការគណនីជាក់លាក់របស់អតិថិជន ឬសម្រាប់ផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់ធនាគារ ARDB។

ភាសារ

ភាសាខ្មែរ និងភាសាអង់គ្លេស ដែលត្រូវបានប្រើប្រាស់នៅក្នុង លក្ខខណ្ឌនិងខចែងទាំងនេះ គឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ ករណីបើមានភាពខុសគ្នា ឬភាពមិនស៊ីចង្វាក់គ្នារវាងភាសាខ្មែរ និងភាសារអង់គ្លេស នោះភាសារខ្មែរ ដែលត្រូវបានប្រើនៅក្នុង លក្ខខណ្ឌនិងខចែង នឹងមានប្រសិទ្ធភាព។

រូបិយប័ណ្ណ

រូបិយប័ណ្ណដែលប្រើប្រាស់នៅក្នុងធនាគារ ARDB មានរូបិយប័ណ្ណជាប្រាក់រៀល និងជាប្រាក់ដុល្លារអាមេរិក។ ប្រសិនបើអ្នកធ្វើការទូទាត់ជាសាច់ប្រាក់ក្នុងទម្រង់រូបិយប័ណ្ណណាមួយដែលខុសគ្នាពីរូបិយបណ្ណរបស់គណនី ប្រព័ន្ធកម្មវិធី ARDB Mobile App នឹងប្តូររូបិយប័ណ្ណនោះដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់អត្រាប្តូរប្រាក់កំណត់ដោយធនាគារ ARDB។

ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រងការ

នៅពេលអតិថិជនប្រើប្រាស់ ARDB Mobile App ដើម្បីធ្វើប្រតិបត្តិការជាក់លាក់ណាមួយ ធនាគារ ARDB អាចមានការកំណត់ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការ។ អតិថិជន យល់ព្រមបង់ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការ​ ហើយអតិថិជនក៏យល់ព្រមឱ្យ ធនាគារ ARDB អាចកាត់ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការទាំងនោះ ដោយផ្ទាល់ពីគណនីរបស់អតិថិជន។ ថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់​ការ​​ទាំងនេះ អាចនឹងត្រូវបានកែសម្រួលដោយធនាគារ ARDB តាមស្ថានភាពជាក់ស្តែង។ អតិថិជន អាចរកព័ត៌មានលម្អិតអំពីថ្លៃសេវា និងថ្លៃសោហ៊ុយទម្រង់ការនាពេលបច្ចុប្បន្ន នៅ ធនាគារ ARDB ផ្ទាល់។

ប្រភេទនៃទូរស័ព្ទដៃ

ទូរស័ព្ទចល័តស្ទើតែគ្រប់ប្រភេទដែលដំណើរការដោយប្រព័ន្ធ iOS ឬ Android អាចភ្ជាប់ជាមួយសេវាកម្មកម្មវិធី ARDB Mobile របស់ធនាគារ ARDB បាន។ សម្រាប់អតិថិជនដែលមានគណនីប្រាក់បញ្ញើសន្សំ អាចប្រើកម្មវិធី ARDB Mobile ដើម្បីធ្វើប្រតិបត្តិការបានគ្រប់ប្រភេទ។

កាតព្វកិច្ចរបស់អតិថិជន

អតិថិជន ត្រូវទទួលខុសត្រូវចំពោះរាល់ការប្រុងប្រយ័ត្នទុកជាមុនឱ្យបានខ្ពស់ ដើម្បីបង្ការនូវករណីក្លែងបន្លំណាមួយ ទៅលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត (internet browsers) ទូរស័ព្ទដៃ និងព័ត៌មានសុវត្ថិភាព (security information)។ ការប្រុងប្រយ័ត្នទាំងនេះរួមមាន៖

  • មិនត្រូវសរសេរ ឬរក្សារទុក (recording) នូវព័ត៌មានសុវត្ថិភាពរបស់អ្នក តាមវិធីសាស្ត្រណាក៏ដោយ ដែលអាចឱ្យអ្នកដទៃអាចដឹងបានឡើយ
  • មិនត្រូវជ្រើសរើសព័ត៌មានសុវត្ថិភាព ដែលអាចប៉ាន់ស្មានបានដោយងាយស្រួលឡើយ
  • ធានាឱ្យបានថា គ្មានបុគ្គលណាម្នាក់បានលឺ ឬឃើញព័ត៌មានសុវត្តិភាពរបស់អ្នកនៅពេលប្រើប្រាស់​ព័ត៌មានសម្ងាត់ទាំងនោះឡើយ
  • រក្សាព័ត៌មានសុវត្ថិភាពលម្អិតរបស់អ្នកជាមួយកម្មវិធី ARDB Mobile
  • មិនត្រូវបញ្ចេញព័ត៌មានសុវត្ថិភាពរបស់អ្នកទៅបុគ្គលណាម្នាក់ឡើយ រួមមានទាំងប៉ូលីស ឬ ធនាគារ ARDB
  • ផ្លាស់ប្តូរព័ត៌មានសុវត្ថិភាពរបស់អ្នកជាបន្ទាន់ ប្រសិនបើអ្នកបានដឹង ឬសង្ស័យថា បុគ្គលណាម្នាក់ដឹងអំពីព័ត៌មានសុវត្ថិភាពរបស់អ្នក ឬប្រសិនបើធនាគារ ARDB ស្នើសុំឱ្យអ្នកផ្លាស់ប្តូរ
  • នៅពេលដែលអ្នកបានចូលទៅប្រើប្រាស់ (logged in) ARDB Mobile App សូមកុំទុកកម្មវិធីដែលបានបើកនេះ ឬទុកទូរស័ព្ធដៃចោលដោយមិនប្រើប្រាស់ ឬអនុញ្ញាតឱ្យអ្នកដទៃចូលទៅប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ធដៃរបស់អ្នក
  • ចាកចេញពី (log out) ពីកម្មវិធី ARDB Mobile App នៅពេលអ្នកបញ្ចប់ការប្រើប្រាស់ កម្មវិធី ARDB Mobile App
  • មិនគួរបង្ហាញព័ត៌មានសុវត្ថិភាពរបស់អ្នក ឬព័ត៌មានអំពីគណនីរបស់អ្នក មកឱ្យ បុគ្គលិកណាម្នាក់របស់ធនាគារ ARDB ឡើយ
  • ត្រូវមានវិធានការដែលសមស្របដើម្បីប្រុងប្រយ័ត្នទុកជាមុនឱ្យបានគ្រប់គ្រាន់ ក្នុងការ Scanស្វែងរកមេរោគក្នុងកុំព្យូទ័រ (computer virus) ឬការបំផ្លាញផ្សេងៗទៀត
  • អ្នកប្រើប្រាស់មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធី ARDB Mobile App សម្រាប់សកម្មភាពអាជីវកម្មដែលត្រូវបានហាមឃាត់ឡើយ
  • អ្នកប្រើប្រាស់ត្រូវអនុវត្ត លក្ខខណ្ឌនិងខចែងផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន មិនត្រូវប្រើប្រាស់​កម្មវិធី ARDB Mobile App ក្នុងគោលបំណងផ្សេងក្រៅពីការអនុវត្តសកម្មភាពដែលស្របច្បាប់តាមលក្ខខណ្ឌ​របស់ធនាគារ ឬអ្នកប្រើប្រាស់មានសិទ្ធិក្នុងការធ្វើប្រតិបត្តិការស្របតាម លក្ខខណ្ឌនិងខចែងជាក់លាក់របស់ធនាគារ
  • អតិថិជនមិនត្រូវធ្វើសកម្មភាពក្លែងបន្លំ ឬបង្កឱ្យមានភាពអន្តរាយ ដែលធ្វើឱ្យប៉ៈពាល់ដល់កម្មវិធី ARDB Mobile App ឬ software។ ឧទាហរណ៍ អតិថិជនមិនតម្រូវចម្លង, កែប្រែ,ផលប៉ះពាល់អវិជ្ជមាន,លួចចូល (hack) ឬបញ្ចូល malicious code ទៅក្នុង កម្មវិធី ARDB Mobile App ឬ software។

ការទទួលខុសត្រូវរបស់អតិថិជន

E-mail address របស់អតិថិជនដែលបានផ្តល់ជូននៅក្នុងទម្រង់ចុះឈ្មោះ គឺតម្រូវឱ្យមានការទទួលស្គាល់ជាផ្លូវការដោយធនាគារ។ ក្នុងករណីអតិថិជនត្រូវការផ្លាស់ប្តូរថ្មីផ្សេងទៀត នោះអតិថិជនត្រូវផ្តល់ការជូនដំណឹងជាមុនមកកាន់ធនាគារ ARDB។

  • អ្នកប្រើប្រាស់ ត្រូវមានទំនួលខុសត្រូវចំពោះការបាត់បង់ ឬខូតខាត រួមទាំង ការខាតបង់ផ្ទាល់ខ្លួន, បុគ្គលណាម្នាក់, ឬធនាគារ ARDB នៅក្នុងប្រការណាមួយដែលអតិថិជនធ្វេសប្រហែស ឬសាកល្បងធ្វើប្រតិបត្តិការ, រំលោភ, ស្វែងរក និងលួចបន្លំទន្និន័យ​, ក្លែងបន្លំដោយផ្ទាល់ ឬដោយប្រយោល​ តាមរូបភាពនៃការទទួលខុសត្រូវរបស់បុគ្គល ឬការទទួលខុសត្រូវរួមគ្នា។ អ្នកប្រើប្រាស់នឹងត្រូវប្រឈម​មុខ​ច្បាប់ ទោះបីជាសកម្មភាពនោះកើតឡើងដោយចេតនា ឬអចេតនាក្តី។
  • អ្នកប្រើប្រាស់ បានយល់ព្រមអនុវត្តតាមច្បាប់ បទបញ្ជា និងបទប្បញ្ញត្តិ ដែលពាក់ព័ន្ធនឹង កម្មវិធី ARDB Mobile App ទាំងអស់ ដូចជា ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវ​កម្ម (Law on Anti-Money Laundering and Combating the Financing of Terrorism) ជាដើម។
  • អ្នកប្រើប្រាស់បានយល់ព្រមឱ្យ ធនាគារ​ ARDBមានសិទ្ធិក្នុងការពន្យា, បញ្ឈប់ (disable), ឬបដិសេ​ធ ករណីមិនធ្វើប្រតិបត្តិការនៅក្នុងប្រការណាមួយ ហើយធនាគារមានការសង្ស័យ និងរកឃើញថា៖
    • ប្រតិបត្តិការដែលអាចនឹងរំលោភច្បាប់ណាមួយរបស់ព្រះរាជាណាចក្រកម្ពុជា
    • ប្រតិបត្តិការដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយនឹងបុគ្គលដែល (designate​d​ individual)​ ឬអង្គភាពដែលត្រូវបានហាមឃាត់ ឬពាក់ពន្ធនឹងសកម្មភាពខុសច្បាប់ណាមួយ
  • អតិថិជនត្រូវទទួលខុសត្រូវទាំងស្រុងទៅលើ ARDB Users និង Password ប្រកបដោយសុវត្ថិភាពខ្ពស់ដើម្បីជៀសវាងនូវការកើតឡើងនៃប្រតិបត្តិការណាមួយដែលមិនប្រក្រតី។
  • អតិថិជនត្រូវទទួលខុសត្រូវទាំងស្រុងរាល់ការបាត់បង់ ឬការខូតខាតទាំងឡាយណា ដែលបង្កដោយការធ្វើប្រតិបត្តិការមិនប្រក្រតី ដូចជា ការបញ្ជូនព័ត៌មានមិនជាក់លាក់។ល។
  • ធនាគារត្រូវធ្វើតាមការស្នើសុំ ឬប្រតិបត្តិការណាមួយដែលធ្វើឡើង ដោយអ្នកប្រើប្រាស់ កម្មវិធី ARDB Mobile App​។​ ករណី មានកំហុសប្រការណាមួយ ឬយឺតយាវក្នុងការឆ្លើយតបទៅតាមការស្នើសុំ​របស់អតិថិជន ដោយសារបញ្ហាបច្ចេកទេស, អតិថិជនត្រូវផ្តល់ដំណឹងមកកាន់ធនាគារ ARDB តាមរយៈទូរស័ព្ធដៃ ឬអញ្ជើញមកកាន់ការិយាល័យ ARDBដែលនៅជិតបំផុត ដើម្បីធ្វើប្រតិបត្តិការ។
  • ធនាគារ ARDB មានសិទ្ធិក្នុងការត្រួតពិនិត្យ និងអនុវត្ត ឬមិនអនុវត្ត តាមការណែនាំ ឬ ប្រតិបត្តិការរបស់អតិថិជន ដោយយោងទៅតាមចច្បាប់ និងគោលការណ៍របស់ធនាគារផ្ទាល់។

ការលាតត្រដាងព័ត៌មាន

ធនាគារ ARDB សូមរក្សាសិទ្ធិ ក្នុងការបង្ហាញព័ត៌មានទាក់ទងនឹងគណនីរបស់អតិថិជន ក្នុងករណីដូចខាងក្រោម៖

  • មានតម្រូវការពីអាជ្ញាធរមានសមត្ថកិច្ច ឧទាហរណ៍ ធនាគារជាតិនៃកម្ពុជា -ល-
  • មានតម្រូវការពី សវនករឯករាជ្យ និង
  • ករណីផ្សេងទៀត ដោយមានការយល់ព្រមពីអតិថិជន និងក្នុងរូបភាពស្របទៅតាមច្បាប់នៃព្រះរាជា-ណាចក្រកម្ពុជា។

វិវាទ និងដំណោះស្រាយ

ធនាគារទទួលស្គាល់ករណីមួយចំនួន ដែលធនាគារអនុវត្តមានបញ្ហាខ្វះចន្លោះ ហើយនៅពេលដែលករណីទាំងនេះកើតឡើង ធនាគារប្តេជ្ញាថានឹងកែតម្រូវឱ្យបានត្រឹមត្រូវ​ម្តងទៀត ។ ប្រសិន​បើអ្នកប្រើប្រាស់បាត់បង់ថវិកា ក្នុងការណីដែលកើតឡើងពេលប្រតិបត្តិការ ឬ អតិថិជនបាត់បង់ទូរស័ព្ទដៃរ ឬឧបករណ៍សម្រាប់ប្រើប្រាស់កម្មវិធី ARDB Mobile អតិថិជន គួរតែទាក់ទងមកកាន់ផ្នែកម្រើសេវាអតិថិជន (Call Center) របស់ធនាគារ ARDB ជាបន្ទាន់ ឬមកកាន់ទីស្នាក់ការធនាគារផ្ទាល់ដែលនៅជិតលោកអ្នក។

ច្បាប់គ្រប់គ្រង

លក្ខខណ្ឌនិងខចែងទាំងនេះ ត្រូវស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងអស់ អាចដាក់យុត្តាធិការ ទៅតុលាការនៅក្នុងប្រទេសកម្ពុជា។