Photo for Website_H.E ROS Seilava

សារលិខិតរបស់ក្រុមប្រឹក្សាភិបាល

ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ២០២១ គឺជាឆ្នាំដែលពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឹងប្រែងក្នុងការស្ដារស្ថានភាពសេដ្ឋកិច្ច និងសង្គម ឱ្យវិលទៅរកស្ថានភាពប្រក្រតីឡើងវិញ និងព្យាយាមរស់នៅតាមបែបគន្លងថ្មី។ ពិតប្រាកដណាស់ វិបត្តិកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គមប្រទេសកម្ពុជា ប៉ុន្តែវិបត្តិនេះ មិនបានបង្អាក់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មនោះទេ។ ផ្ទុយទៅវិញ វិបត្តិនេះ បានបង្កើតឱ្យមានកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាទាំងទំហំនៃការវិនិយោគលើផ្ទៃដីកសិកម្ម និងបច្ចេកទេសក្នុងការដាំដុះ។ ធនាគារ ARDB ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងអនុវត្តគោលនយោបាយស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដយ៉ាងយកចិត្ដទុកដាក់បំផុត តាមរយៈការបញ្ចេញហិរញ្ញប្បទានពិសេស។ ជាលទ្ធផល ធនាគារ ARDB បានបញ្ចេញមូលនិធិហិរញ្ញប្បទានពិសេស​នេះ ដែលបានគ្របដណ្តប់លើការពង្រីកការដាំដុះ​បន្លែ-ផ្លែឈើ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ, និងការកែច្នៃផលិតផលកសិកម្ម ហើយរាជរដ្ឋាភិបាល នៅតែបន្តការយកចិត្តទុកដាក់គាំទ្រដល់វិស័យអាទិភាព ដែលក្នុងនោះក៏មានវិស័យកសិកម្ម ផងដែរ។ ការអនុវត្តគោលនយោបាយហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២០ និង២០២១ មានការគាំទ្រយ៉ាងខ្លាំងពីប្រជាកសិករ សហគមន៍កសិកម្ម និងសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម។

ស្របតាមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើន​សេដ្ឋកិច្ច​កម្ពុជាជាមួយកូវីដ-១៩​ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣, ធនាគារ ARDB នៅតែបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយយកចិត្តទុកដាក់ និងអនុវត្តតាមផែនការអាជីវកម្ម ៣ ឆ្នាំរំកិល (២០២២-២០២៤) ដើម្បីសម្រេចតាមគោលដៅរបស់ធនាគារ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB ខ្ញុំសូមកោតសរសើរ និងសូមអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល, ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ ARDB ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបំពេញបេសកកម្មរបស់ធនាគារ ដើម្បីឆ្ពោះទៅកាន់គោលដៅរួម គឺដើម្បីកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។