កម្មវិធីជួបសំណេះសំណាល និង ចុះត្រួតពិនិត្យ មើល វឌ្ឍនៈភាពការប្រើប្រាស់ឥណទានគ្រួសារកងទ័ពក្នុង កងពលធំអន្តរាគមន៍លេខ៣

22 មីនា 2022

ខេត្តព្រះវិហារ៖
ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បាន អញ្ជើញចូលជួបតំណាងសហគមគ្រួសារកងទ័ព ដែលអញ្ជើញមកពីកងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ ៧, ៨, ៩ ដើម្បីពិភាក្សាការងារ និងលើកផែនការអនុវត្តបន្តក្នុងគោលដៅជំរុញឱ្យមានប្រសិទ្ធភាពចំពោះ ការអនុវត្តគម្រោងឥណទានគ្រួសារកងទ័ព។
ក្នុងជំនួប នៃកិច្ចពិភាក្សា នាឳកាសនោះ ឯកឧត្តមបណ្ឌិត បានលើកយកនូវអនុសាសន៍មួយចំនូន មាន៖
  1. ស្នើសុំឱ្យសហគមគ្រួសារកងទ័ពរៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់សហគមឡើងវិញ ដោយក្នុងនោះពិនិត្យ និងជ្រើសរើសសមាជិកដែលមានឆន្ទៈពិតប្រាកដ។
  2. រៀបចំឳ្យមានផែនការអាជីវកម្ម កំណត់ត្រាហិរញ្ញវត្ថុ អោយបានច្បាស់លាស់ និងគួរជ្រើសរើសមុខរបរ ឬ ដំដុះដំណាំប្រភេទណាដែលមានសក្កដានុពល ឬការចញ្ចឹមសត្វជាដើម ដែលអាចឆ្លើយតបបានទៅនឹងការបង់ការប្រាក់ធនាគារបាន និង/ឬ អាចបង្វិលសាច់ប្រាក់បាន។
  3. ឯកឧត្តមបណ្ឌិតបានធ្វើការកត់សម្គាល់បន្ថែម អំពីលទ្ធភាពក្នុងករណីសហគមគ្រួសារកងទ័ពគួររៀបចំបាននូវទីតាំងកែច្នៃផលិតកសិកម្ម និងឃ្លាំងស្តុករួមក្នុងសហគមរបស់ខ្លួន ដើម្បីងាយស្រួលក្នុងការស្រូបទាញផលិតផលកសិកម្មបានកាន់តែប្រសើរ និងអាចទប់ស្កាត់ការហូរចេញផលិតផលដែលផលិតបានទៅទីផ្សារដោយតំលៃទាប។
  4. ឯកឧត្តមបណ្ឌិត បានធ្វើការស្នើសុំ និងលើកទឹកចិត្តដល់តំណាងគ្រួសារកងទ័ព គួរធ្វើការបែងចែករវាងគ្រួសារសមាជិកសហគមដែលចិញ្ចឹមសត្វ, ដាំដុះបន្លែ, ដាំស្វាយចន្ទីជាដើម, ការណ៍នេះ គឺដើម្បីងាយស្រួលតភ្ជាប់ទីផ្សារ និងមានស្ថេរភាពក្នុងការផ្គត់ផ្គង់ចូលទីផ្សារ។
ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត និងសហការី បានបន្តអញ្ជើញចុះពិនិត្យមើលទីតាំងចិញ្ចឹមជ្រូក ចញ្ចឹមត្រីក្នុងប៊ែ ចញ្ចឹមមាន់ របស់កងពលតូចអន្តរាគមន៍លេខ ៨ ស្រាប់ផ្គត់ផ្គង់កងទ័ពជួរមុខ។