ឯកឧត្តម កៅ ថាច និងសហការី បានចុះពិនិត្យមើលការទិញស្រូវ នៅខេត្តបន្ទាយមានជ័យ
20 កញ្ញា 2016
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានចុះមកពិនិត្យមើលការទិញស្រូវរបស់រោងម៉ាសីុនកិនស្រូវ ហ្វាង វី។ ក្នុងការឆ្លើយតបជាបន្ទាន់ចំពោះការធ្លាក់ចុះតំលៃស្រូវរបស់បងប្អូនកសិករ ឯកឧត្តម កៅ ថាច ស្នើសំុអោយរោងម៉ាសីុនជួយទិញផ្ទាល់ពីកសិករក្នុងតំលៃ៧០០០បាត ក្នុងមួយតោន ដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ។
នាវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នេះដែរ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទិញស្រូវពីប្រជាកសិករដោយផ្ទាល់ក្នុងតំលៃ៧០០០បាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឩត្តម ឩបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងប្រធានមន្ទី ពាក់ព័ន្ធ អាជ្ញាធរដែនដីនិងមានការចូលរួមពីលោក ឩកញ៉ា ភូ ពុយ ប្រធានធនាគារស្រូវ ខេត្តបាត់ដំបង។ សូមជម្រាបថា ធនាគារស្រូវ របស់លោក ឩកញ៉ា ភូ ពុយ ទទួលទិញស្រូវពីបងប្អូនប្រជាកសិករដោយផ្ទាល់ក្នុងអាត្រា៧០០០បាតក្នុងមួយតោន។ ហើយសម្រាប់រោងម៉ាសីុនមួយចំនួនដែលកំពុងសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ក៏កំពុងអនុវត្តន៍គោលការណ៍រួមគឹ ត្រូវតែទទួលទិញស្រូវក្នុងតំលៃ៧០០០បាតក្នុងមួយតោនពីបងប្អូនកសិករផងដែរ។
បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅវេលាម៉ោង៥និង៣០នាទីល្ងាច នាភូមិ អូស្ងួត ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ឯកឩត្តម កៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទនិងសហការី បានជួបប្រជំុជាមួយម្ចាស់រោងម៉ាសីុនដែលមានសក្តានុពលក្នុងការស្រូបទិញយកស្រូវពីបងប្អូនប្រជាពលកសិករស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។ ឯកឩត្តម កៅ ថាច បានស្មើសំុអោយរោងម៉ាសីុនទាំងនេះជួយទិញស្រូវក្នុងតំលៃ៧០០០បាតក្នុងមួយតោនពីបងប្អូនកសិករ ដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ៕