ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តចុះត្រួតពិនិត្យការប្រើប្រាស់ឥណទាន និងសំណេះសំណាលជាមួយបងប្អូនចញ្ចឹមទាយកពង និងបង្កងអូស្ត្រាលី

14 តុលា 2022

សេរីសោភ័ណ្ឌ-ខេត្តបន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះត្រួតពិនិត្យការប្រើប្រាស់ឥណទាន និងសំណេះសំណាលជាមួយបងប្អូនចញ្ចឹមទាយកពង និងបង្កងអូស្ត្រាលី នៅក្នុងភូមិសាស្ត្រ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់។
តាមការអោយដឹងត្រួសៗ ពីសំណាក់បងប្អូន, ការចញ្ចឹមទាយកពង កំពុងជួបបញ្ហាប្រឈម ដោយសារទឹកជំនន់ និងស្របពេលបរិមាណស៊ុតទានឹងថយចុះ។ ដោយឡែកបញ្ហាប្រឈមមួយទៀត គឺការស្វែងរកទីទួលសម្រាប់ទា។ មួយវិញទៀត អ្វីដែលជាក្តីបារម្មណ៍របស់បងប្អូនសហគមចញ្ចឹមទា គឺបញ្ហាចំណីទាពង ឡើងថ្លៃ ដែលនាំអោយការចំណេញមានការថយចុះ។
យកឱកាសនោះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយនេះ។ មួយវិញទៀត, ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូន ធ្វើការគិតគូរគ្នាចងក្រងគ្នាជាបណ្តុំអ្នកចញ្ចឹមទា ឬជាសហគម ដើម្បីពិនិត្យលទ្ធភាពកាត់ស្តុកចំនីទាពងចេញពីរោងចក្រផ្ទាល់តែម្តងដោយប្រើប្រាស់កញ្ចប់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។ ការណ៍នេះ ដើម្បីទទួលបានតំលៃសមរម្យ និងធូរថ្លៃជាងទិញចំនីពីដេប៉ូ និងជួយកាត់បន្ថយថ្លៃដើមផលិតបានមួយកំរិត។ បន្ទាប់ពីទឹកស្រកវិញ, ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូនសហគម អាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្នុងករណីដែលបងប្អូនមានតម្រូវការឥណទានបន្ថែមដើម្បីស្តារអាជីវកម្មឡើងវិញ។
ចុងបញ្ចប់ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហារបស់បងប្អូនដែលកំពុងជួបប្រទះដោយសារទឹកជំនន់, ឯកឧត្តមបណ្ឌិត បានធ្វើការចែកជូននូវអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ។