ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះត្រួតពិនិត្យមើលប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានលើមុខសញ្ញាចញ្ចឹមត្រីរបស់កសិដ្ឋាន ទាវឯក

17 តុលា 2022

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះត្រួតពិនិត្យមើលប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានលើមុខសញ្ញាចញ្ចឹមត្រីរបស់កសិដ្ឋាន ទាវឯក ដែលមានទីតាំងក្នុងមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្នកសិដ្ឋានបានពង្រីកការចញ្ចឹមត្រីអណ្តែង ត្រីពោធិ៍ ត្រីរ៉ស់ ឆ្ពិន ជាដើម សម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ, ម្ចាស់កសិដ្ឋានបានធ្វើការថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានផ្តល់ឱកាស់ទំលាក់ឥណទានក្នុងអត្រាការប្រាក់ទាបដល់កសិកដ្ឋានដើម្បីធ្វើការពង្រីកអាជីវកម្ម។
ឯកឧត្តមបណ្ឌិតបានធ្វើការណែនាំបន្ថែមដល់ម្ចាស់កសិដ្ឋានគួរពិនិត្យលទ្ធភាពសិក្សាស្វែងយល់បន្ថែមរបៀបបង្កាត់ពូជកូនត្រីអណ្តែង និងរបៀបធ្វើចំណីត្រីដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងសន្សំចៃថវិកា។ បន្ថែមលើនេះ, ដោយមើលឃើញការខិតខំប្រឹងប្រែងរបស់កសិដ្ឋានដោយប្រើប្រាស់ឥណទានចំគោលដៅ, ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានក្នុងករណីមានតមនរូវការឥណទានបន្ថែម អាចធ្វើការទាក់ទងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន។