ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ខេត្តពោធិ៍សាត់
23 កុម្ភៈ 2023
ពោធិ៍សាត់៖ រសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជូនដល់បងប្អូនស្ថិតនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
យកឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការលើកទឹកចិត្តដល់បងប្អូនគួរប្តូរពីការដាំដុះបន្លែនៅទៅវាល ងាកមកដាំដុះបន្លែក្នុងផ្ទះសំណាញ់វិញ ដើម្បីអោយបន្លែមានគុណភាពខ្ពស់ និងមានតំលៃជាងការដាំដុះនៅទីវាល។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត បានណែនាំបងប្អូន អោយចេះគិតគូរលើការគ្រប់គ្រងថ្លៃដើមផលិត ពីព្រោះវានាំអោយបងប្អូនមានមូលដ្ឋានសម្រេចចិត្តនៅពេលដែលបងប្អូនប្រមូលផលលក់ទៅទីផ្សារ។ ដោយឡែក, ឯកឧត្តមបណ្ឌិត បានណែនាំដល់បងប្អូនអាចទាក់ទងកម្ចីមកធនាគារ ARDB បាន ក្នុងករណីបងប្អូនមានតម្រូវការពង្រីកការដាំដុះ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត រំលឹកបងប្អូនឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៍ជានិរន្តរ៍៕