ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល

6 មេសា 2023

ស្រុកខ្សាច់កណ្តាល , ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃ ពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងនឹងថ្ងៃ ទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល។
សមាសភាពចូលរួមក្នុងពិធីបើកការប្រកួតកីឡានេះ រួមមាន លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក-ឃុំទាំង១៨ គណៈកម្មការ អាជ្ញាកណ្ដាល សសយក និងកីឡាករទាំង១៨ក្រុម សរុបចំនួន ៧៥០ នាក់។
កម្មវិធីប្រកួតកីឡាបាល់ទាត់នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នៅទីលានបាត់ទាត់វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល ដោយមានក្រុមកីឡាចូលរួមប្រកួតចំនួន ១៨ ក្រុម និងមានកីឡាករសរុបចំនួន ៤៥០ នាក់ ដែលសុទ្ធសឹងជាកូនចៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្ដាល។
ក្នុងឱកាសនៃពិធីបើកការប្រកួតកីឡាននេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលេចអំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញណែនាំដល់ក្រុមការងារ ឱ្យរៀបចំបង្កើតក្រុមកីឡាយុវជននៅក្នុងឃុំទាំង១៨ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឱ្យមានកម្មវិធីប្រកួតដណ្តើមពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកីឡានៅស្រុកខ្សាច់កណ្ដាលឱ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ មានសាមគ្គីភាព មិត្តភាព និងថែមទាំងបង្កើតនូវបរិយាកាសសប្បាយរីករាយទៀតផង។ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានរំលឹកប្រវត្តិនៃវិស័យកីឡានៅកម្ពុជា ដែលមានជាយូរលង់មកហើយ ដោយមានប្រភេទកីឡាជាច្រើន ដូចជាគុនខ្មែរ ល្បុក្កតោ ជាដើម។ល។ ហើយបានធ្វើការអភិវឌ្ឍឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ លើកលែងតែក្នុងសម័យប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការកសាងនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីឡា ដែលបានធ្វើឱ្យកម្ពុជាទទួលបាននូវកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកជាតិ-អន្តរជាតិ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ការកសាងធនធានមនុស្ស និងការធ្វើកំណែទម្រង់នៃការប្រកួត។ល។ ដែលជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកសាងនូវសមិទ្ធផលដ៏ធំស្គឹមស្កៃដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត គឺពហុកីឡដ្ឋានជាតិមរតកតេជោ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់។ នៅសល់តែ៣០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំការប្រកួតកីឡា SEA Games និង ASEAN Para Games នៅឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ។ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់យុវជន និងកីឡាករទាំងអស់ ចូលរួមតាមដាន និងទស្សនានូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏អស្ចារ្យ នៃការប្រកួតកីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ដោយ សម្តេចតេជោ សម្រេចអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ អាចចូលរួមទស្សនាដោយសេរី និងទទួលបានសំបុត្រដោយមិនគិតថ្លៃ ក្នុងពិធីបើក ពិធីបិទ និងរាល់ការប្រកួតគ្រប់ប្រភេទវិញ្ញាសាកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នេះ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់ប្អូនៗ និងក្មួយៗ ជាកីឡាករទាំងអស់ ត្រូវគោរពតាមលក្ខន្តិកៈនៃការប្រកួត ស្តាប់អាជ្ញាកណ្តាល និងត្រូវចេះអត់ឱនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងពេលប្រកួត ចៀសវាងការឈ្លោះប្រកែកគ្នា និងស្មើគណៈកម្មការរៀបចំការប្រកួត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំធ្វើយ៉ាងណា ដើម្បីឱ្យកម្មវិធីប្រកួតកីឡាបាល់ទាត់នេះ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ចៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។ ឯកឧត្តមបណ្ឌិតស្នើដល់ប្អូនៗ ក្មួយៗ និងសមាជិកបក្សទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។