ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្វាយចន្ទី និងពិនិត្យមើលឃ្លាំងស្តុកស្វាយចន្ទី នៅទីតាំងចំនួន ២
8 មេសា 2023
ព្រះវិហារ ៖ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្វាយចន្ទី និងពិនិត្យមើលឃ្លាំងស្តុកស្វាយចន្ទី នៅទីតាំងចំនួន ២៖
១.កសិដ្ឋានដាំដុះស្វាយចន្ទី ដែលមានអាស័យដ្ឋានស្ថិតនៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ កសិដ្ឋាននេះ កំពុងប្រមូលផលលើផ្ទៃដីដាំដុះចំនួន ៥៨០ ហិកតា។ សម្រាប់ឆ្នាំ២០២៣ នេះ, កសិដ្ឋានបានធ្វើការប្រមូលផលបានចំនួន ១៣០ តោន។
២.ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិជិអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ បច្ខុប្បន្នក្រុមហ៊ុនកំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដីចំនួន ១០០០ ហិកតា ហើយក្រុមហ៊ុនផ្ទាល់បានធ្វើការកែច្នៃស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត, ក្រុមហ៊ុន មានឃ្លាំងស្តុក ដែលអាចផ្ទុកបានដល់ចំនួន ៥ ពាន់តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ។
បច្ចុប្បន្ន, យោងតាមរបាយការណ៍សមាគមស្វាយចន្ទីផ្ទៃដីដាំស្វាយចន្ទី នៅទូទាំងខេត្តព្រះវិហារ មានសរុបចំនួន ៨៤ ៣៩១ ហិកតា និងមានសហគមកសិកម្មដាំដុះស្វាយចន្ទី មានចំនួន ៤៣ សហគម។
ជាមួយគ្នានេះ, នៅពេលខាងមុខ ឯកឧត្តមបណ្ឌិត កៅ ថាច នឹងធ្វើការចុះទៅពិនិត្យមើលការប្រមូលផលរបស់បងប្អូនសហគមស្វាយចន្ទី និងក្រុមហ៊ុនប្រមូលទិញស្វាយចន្ទី នៅ តាមមបណ្តាខេត្តមួយចំនួន មាន កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង ជាដើម, ៕