ឯកឧត្តម បាន លឹម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា”

27 មេសា 2023

ឯកឧត្តម បាន លឹម អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) ជាមួយសហការីបានអញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា” រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ពិធីទទួលស្គាល់ជាផ្លូវការសមាជិកភាពថ្នាល CamDX របស់វិស័យឯកជន, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ២៦ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង១១ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងធុរៈកិច្ចឌីជីថល។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់កិត្តិសយដ៏ខ្ពង់ខ្ពស់ ក្នុងការចែកវិញ្ញាបនបត្របញ្ជាក់សមាជិកភាព ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ១៤ ក្នុងនោះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកផ្លូវការនៃថ្នាលផ្លាស់ប្តូរទិន្ន័យកម្ពុជា (CamDX) ដែលជាថ្នាលផ្លាស់ប្តូរទិន្នន័យរបស់រាជរដ្ឋាភិបាលក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន និងទិន្នន័យផ្សេងទៀតដែលអតិថិជនអាចបើកគណនីតាមប្រព័ន្ធអនឡាញជាមួយធនាគារ ARDB ដោយខ្លួនឯងបាន ។