អបអរសាទរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ Association of Development Financing Institutions in Asia and the Pacific (ADFIAP) លើទី៤៧ នៅព្រះរាជាណាចក្រកម្ពុជា
19 ឧសភា 2023
អាល់ម៉ាទី កាហ្សាក់ស្ថាន៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៦ នៅទីក្រុង អាល់ម៉ាទី ប្រទេសកាហ្សាកស្ថាន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ក្រោមប្រធានបទស្តីពី «គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និងនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធ៖ វិធីសាស្ត្រ និងគំរូនៃប្រតិបត្តិការ»។ ជាមួយគ្នានេះដែរ ធនាគារ ARDB ក៏ទទួលបានកិត្តិយស និងសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំ លើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦-១៨ ខែឧសភា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងមានការចូលរួមពីសមាជិកទាំង៤១ ប្រទេស មកពីជាង៩០ ស្ថាប័ន។
ស្របពេលជាមួយគ្នានេះផងដែរ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏បានទទួល “ពានរង្វាន់សម្រាប់ការអភិវឌ្ឍសម្រាប់ឆ្នាំ២០២៣ (Development Awards 2023)” ក្រោមការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល លើការគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP លើទី៤៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន។
ពានរង្វាន់សម្រាប់ការអភិវឌ្ឍន៍នេះ គឺជាពានរង្វាន់ប្រចាំឆ្នាំសម្រាប់ស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលបានអនុវត្តគម្រោងនានា ដែលផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជនបទ ក៏ដូចជាការជុំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចិរភាព។