កម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមសាក្រាមរុងរឿង ស្រុកប្រាសាទបាលាំង ខេត្តកំពង់ធំ
8 មិថុនា 2023
រសៀលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣÷ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាសហគមសាក្រាមរុងរឿង ដែលជាបណ្តំក្រុមអ្នកផលិតស្វាយចន្ទី ស្រូវ និងដំឡូងមី។
បច្ចុប្បន្នសហគមសាក្រាមបានដាំដុះស្វាយចន្ទីសរុបចំនួន ១ ២០០ហិកតា ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិត្រសាក្រាម ឃុំសាក្រាម ស្រុកប្រាសាទបាលាំង ខេត្តកំពង់ធំ។ ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ក៏បានបញ្ចាក់បន្ថែមថា ក្នុងករណី សហគម ឬសមាជិក ចង់បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDB បានក្នុងអត្រាការប្រាក់សមរម្យ។
ឆ្លៀតក្នុងថ្ងៃដដែលនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានបន្តចុះពិនិត្យសកម្មភាព ការប្រមូលទិញស្វាយចន្ទី ការផលិត និងខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) នៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនសានតាណាអាហ្គ្រោប្រដាក់ (SANTANA) បានធ្វើការអភិវឌ្ឍដំណាំស្វាយចន្ទីច្រើនឆ្នាំមកហើយលើផ្ទៃដីចំនួន ៨៥០ហិកតា ហើយបច្ចុប្បន្នកំពុងប្រមូលផលស្វាយចន្ទីលើផ្ទៃដី ២៥០ហិកតា ដោយប្រើពូជ M23 ហើយផ្តល់ទិន្នផលបាន ៤-៥តោន/ហិកតា(បរិមាណផលអាស្រ័យទៅតាមរដូវកាល និងអាយុប្រមូលផល)។ ទន្ទឹមនេះ រោងចក្របានធ្វើការកែច្នៃ វេចខ្ចប់ នាំចេញទៅកាន់ទីផ្សារបរទេស ក្នុងនោះប្រទេសចិនជាទីផ្សារទទួលទិញធំជាងគេ ហើយក៏មាននាំចេញផងដែរទៅទីផ្សារអឺរ៉ុប កូរ៉េខាងត្បូង និងបណ្តាប្រទេសមួយចំនួនទៀត។ ដោយឡែកសមត្ថភាពក្នុងការផលិត រោងចក្រនេះអាចធ្វើការកែច្នៃបាន ១០តោន/ថ្ងៃ និងបានប្រើកម្លាំងពលកម្មសរុបចំនួន ១២០នាក់។
ជាមួយគ្នានេះ, ឯកឧត្ដមបណ្ឌិត បានសំណូមពរឱ្យក្រុមហ៊ុនសូមអោយបន្តជួយប្រមូលទិញស្វាយចន្ទី ពីសហគមទាំង៣៥ នៅទូទាំងខេត្តព្រះវិហារផងដែរ។