កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី
8 មិថុនា 2023
ថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣÷ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាសហគមម៍កសិកម្ម
អូរខ្លែងព័រមានជ័យ ដែលជាបណ្តំក្រុមអ្នកផលិតស្វាយចន្ទី ដំឡូងមី និងទទួលសេវាកម្ម បោកស្រូវ បោកសណ្តែកដល់ទីកន្លែង និងកែច្នៃគ្រប់ស្វាយចន្ទី។
ក្នុងឱកាសជួបជុំនេះ ឯកឧត្ដមបណ្ឌិតមានប្រសាសន៍ជម្រាបជូនដល់សមាជិកសហគមន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត ។ ជាមួយគ្នានេះដែរក្នុងករណី សហគមន៍ ឬសមាជិកសហគមន៍ណាម្នាក់ចង់បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDB ដោយក្នុងអត្រាការប្រាក់សមរម្យ ដេីម្បីទិញជី ថ្នាំ ម៉ាស៊ីនបកស្វាយចន្ទីសាងសង់ឃ្លាំងស្តុក លានហាល និងថែទាំជាដេីម។ឯកឧត្តមបណ្ឌិតបានថ្លែងបញ្ជាក់ថាចំពោះអត្រាការប្រាក់របស់ ARDB គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល់ចំពោះបងប្អូនប្រជាកសិករនៅទីជនបទដើម្បីពង្រីកវិស័យកសិកម្ម។ ដោយឡែកបន្ថែមពីនេះឯកឧត្តមបណ្ឌិត ក៏បានណែនាំអំពីវត្តមានរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) ដែលនឹងចូលរួមជួយគាំទ្រខាងបច្ចេកទេសដាំដុះ និងទទួលទិញកសិផលស្វាយចន្ទីពីសហគមន៍ផងដែរ។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់បងប្អូនអាចគិតគូរស្នេីសុំឥណទានពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួតមកដាក់ធ្វើជាទ្រព្យធានាបំណុលបាន នៅពេលដែលទីផ្សារមានការធ្លាក់ចុះតម្លៃខ្លាំង ដែលធនាគារអាចផ្តល់ឥណទានជូនរហូតដល់៧០% នៃតម្លៃគ្រាប់ស្វាយចន្ទីក្នុងឃ្លាំងស្តុក។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិតបានសំណូមពរឲ្យសមាជិកសហមន៍គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់លើដាំដុះ ការថែទាំ ដេីម្បីបង្កេីនការផលិត និងការកែច្នៃ ឲ្យស្របតាមសង់ដារចំណីអាហារ ដេីម្បីលក់ទៅទីផ្សារផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន។