កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី រវាងក្រុមហ៊ុន ឃែស៊ូណាត់ (CASHEW Nuts) និងសហគមន៍ដាំដុះស្វាយចន្ទី នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
9 មិថុនា 2023
ថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣÷ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីដល់សហគមន៍ចំនួន ១០ ដែលមានផ្ទៃដីដាំដុះសរុបចំនួន ២ ០០០ហិកតា នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន បច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី សម្រាប់ធ្វើការនាំចេញទៅ កាន់ទីផ្សារ ដែលមានរសជាតិខុសៗពីគ្នាហើយធ្វើការវេចខ្ជាប់តាមស្តង់ដាបច្ចេកទេស នៃការបញ្ជាទិញ ដោយផលិតផលដែលកំពុងវេចខ្ជាប់ទាំងនោះ គឺ
១)គ្រប់ស្វាយចន្ទី មានរសជាតិប្រៃ
២) ស្វាយចន្ទីរសជាតិទឹកដោះគោ
៣) ស្វាយចន្ទីរសជាតិឈើឯម និង
៤) ស្វាយចន្ទីរសជាតិតុំយ៉ាំ។
ផលិតផលទាំងនេះ គឺសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិត បានធ្វើការសាកសួរទៅកាន់ម្ចាស់ក្រុមហ៊ុន និងតំណាងសហគមន៍ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់កំពុងជួបប្រទះ និងការលំបាកនានារបស់បងប្អូនសហគមន៍ជុំវិញការដាំដុះស្វាយចន្ទី។ បន្ទាប់ពីបានស្តាប់នូវការលើកឡើងរបស់សហគមន៍, ឯកឧត្តមបណ្ឌិត បានជូនជាយោបល់ ក៏ដូចជាដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហា និងសំណើររបស់បងប្អូនផងដែរ។ ឯកឧត្តមបណ្ឌិត បានបន្តថា តាមប្រសាសន៍ប្រមុខថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន គឺជំរុញការដាំដុះស្វាយចន្ទី និងបានដាក់ចេញនូវគោលនយោបាយគាំទ្រ ដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់ ក្រុមហ៊ុនសហគមន៍ ឬសមាជិកសហគមន៍ និងប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការឥណទាន អាចធ្វើការស្នើសុំឥណទានពីធនាគារ ARDB ដែលជាធនាគាររដ្ឋ បាន ក្នុងអត្រាការប្រាក់សមរម្យ ដេីម្បី៖
១) ទិញម៉ាស៊ីនបកស្វាយចន្ទី
២) សាងសង់ឃ្លាំងស្តុក លានហាល
៣) ពង្រីកការដាំដុះស្វាយចន្ទី ទិញថ្នាំ ជី និងថែទាំជាដេីម។
ឯកឧត្តមបណ្ឌិតបានថ្លែងបញ្ជាក់ថាចំពោះអត្រាការប្រាក់របស់ ARDB គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះបងប្អូនប្រជាកសិករនៅទីជនបទដើម្បីអាចយកពង្រីកចំការស្វាយចន្ទី និងចំការផ្សេងៗដែលស្ថិតក្នុងវិស័យកសិកម្ម និងដេីម្បីបង្កើនសង្វាក់ផលិតកម្ម សម្រាប់នាំចេញផលិតផលសម្រេចទៅទីផ្សារក្រៅប្រទេស ដើម្បីឱ្យមានការប្រកួតប្រជែង និងបានផ្តល់ការងារឱ្យកូនចៅ ប្រជាពលរដ្ឋធ្វើការនៅក្នុងភូមិស្រុក ផងដែរ។
ឯកឧត្តមបណ្ឌិត បន្តជំរុញដល់សហគមន៍ស្វាយចន្ទីទាំងអស់ក្នុងខេត្តស្ទឹងត្រែងនិងក្រុមហ៊ុន គួរគិតគូរចុះកិច្ចសន្យាកសិកម្ម ដើម្បីធានាដល់ស្ថេរភាពនៃតំលៃស្វាយចន្ទីលើទីផ្សាររបស់បងប្អូន និងទទួលបានការបណ្តុះបណ្តាលច្បាស់លាស់លើផ្នែកបច្ចេកទេសពីក្រុមហ៊ុនផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូន និងក្រុមហ៊ុន អាចគិតគូរស្នេីសុំឥណទានពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួតមកដាក់ធ្វើជាទ្រព្យធានាបំណុលបាន ហើយធនាគារអាចផ្តល់ឥណទានជូនរហូតដល់៧០% នៃតម្លៃគ្រាប់ស្វាយចន្ទីដែលមាននៅក្នុងឃ្លាំងស្តុក។
ជាទីបញ្ចប់ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន។