កម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប
26 មិថុនា 2023
ការរៀបចំផែនការដាំដុះប្រកបដោយគុណភាព និងតាមបច្ចេកទេស ជាពាក្យណែនាំដែលឯកឧត្តមបណ្ឌិត កៅ ថាច បានទាញចំណាប់អារម្មណ៍ ដល់បងប្អូនកសិករ នៅក្នុងកម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប
——————–
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅ៖
1. សហគមន៍កសិកម្មនៅឃុំលំទោង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ
2. សហគមន៍កសិកម្មនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប
ក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិត បានអនុញ្ញាត អោយអ្នកជំនាញដាំដុះស្វាយចន្ទី ធ្វើបទបង្ហាញអំពីបច្ចេកទេសស្តីពីការដាំដុះស្វាយចន្ទី អោយទទូលបានជោគជ័យ និងបានទិន្នផលខ្ពស់ ជូនដល់បងប្អូនដើម្បីជាដើមទុន និងធ្វើការកែប្រែទម្លាប់ពីការដុះតាមគ្នា ដោយគ្មានបច្ចេកទេស ទៅជាការដាំដុះឱ្យទទួលបានជោគជ័យ។
ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ លើកទឹកចិត្តដល់បងប្អូនកសិករដាំដុះស្វាយចន្ទីគួររៀបចំ ពិនិត្យ និងសិក្សាលម្អិតពីផែនការដាំដុះ បច្ចេកទេស ក្នុងការថែទាំ និងប្រមូលផល និងសិក្សាស្វែងយល់ពីបញ្ហាប្រឈមមួយចំនួននៃការដាំដុះស្វាយចន្ទី។ ក្នុងនោះបងប្អួនគួរសួរ នូវសំណួរមួយចំនួនមានដូចជា៖
• គួរដាំនៅពេលណា?
• គួរចំណាយលេីអីមុនគេ ហេីយបន្ទាប់អីទៀត?
• គួរដាក់ជីនៅពេលណា ជីប្រភេទណាខ្លះហេីយដាក់របៀបណា?
• គួរថែទាំយ៉ាងម៉េច?
• គួរថែរក្សាដីរបៀបណា ហេតុអ្វីត្រូវថែរក្សាដី?
• គួរតែងមែកពេលណា របៀបណា?
• ចុងក្រោយតើប្រមូលផលយ៉ាងម៉េច?
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ ឱ្យបងប្អូនគួរផ្លាស់ប្តូរផ្នត់គំនិតកែប្រែពីការធ្វើកសិកម្មចិញ្ចឹមឆ្នាំងបាយ ឱ្យក្លាយជាការធ្វើកសិកម្មបែបទំនេីបវិញដោយត្រូវចេះតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ ក៏ដូចជាកែប្រែទម្លាប់ ពីការដាំដុះដំណាំតែមួយមុខ អោយ ឆ្លៀតចញ្ចឹមសត្វបន្ថែម និងចេះកែប្រែដីសម្រាប់ដាំដុះឱ្យទទួលបានទិន្នផលខ្ពស់។ មួយវិញទៀតវាប្រសេីរជាការទុកដីទំនេរចោល គួររកដំណាំប្រភេទណា ដែលអាចដាំដុះរយៈពេលខ្លី ប៉ុន្តែមានទីផ្សារ និងមានតម្រូវការ ដែលជួយកែប្រែដីកុំអោយខូច ឬអន់ថយគុណភាពផងដែរ។ ហើយបងប្អូន ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវកាល ដោយបងប្អូនអាចធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ បងប្អូនអាចរៀនបានតាមរយៈ បណ្ដាញសង្គម និងយូធូប(Youtube) ជាដើម ដើម្បីទទួលបានចំណេះដឹងបន្ថែម។
មួយវិញទៀតដើម្បីទទួលបានជោគជ័យ, ឯកឧត្តមបណ្ឌិត បានស្នើដល់បងប្អូន គួរធ្វើការចងក្រងគ្នាជាសហគមន៍កសិកម្ម ឬបណ្តុំផលិតស្វាយចន្ទី ក៏ដូចជាដំណាំរួមផ្សំផ្សេងៗទៀតផងដែរ។ ឯកឧត្តមបណ្ឌិត ណែនាំដល់បងប្អូនគូរត្រូវរៀបចំនូវ៖
• ផែនការណ៍ដាំដុះ
• រៀបចំផែនការថែទាំ
• ផែនការប្រមូលផល
• រួមគ្នាកែច្នៃពាក់កណ្តាលសម្រេច និង
• ធ្វើការផ្សារភ្ជាប់ជាមួយទីផ្សារ តាមរយៈកិច្ចសន្យាកសិកម្ម ដើម្បីធានាស្ថេរភាពតំលៃលើទីផ្សារ និងជៀសវាងការទំលាក់តំលៃពីឈ្មួញកណ្តាល។
ឆ្លើយតបទៅហ្នឹងកង្វល់បស់បងប្អូនកសិករអំពីបញ្ហាក្វះខាតថវិកាដើម្បីពង្រីកការដាំដុះ, ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូន ក្នុងករណីបងប្អូន ចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ឬដំណាំផ្សេងទៀត, ឬពង្រីកការចញ្ចឹមសត្វ បងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDB បានក្នុងអត្រាការប្រាក់ទាបសមរម្យ។ ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា អត្រាការប្រាក់អនុគ្រោះសម្រាប់ការដាំដុះស្វាយចន្ទី នេះ គឺជាអត្រាការប្រាក់ដែលប្រមុខរដ្ឋាភិបាល ផ្តល់ជូនដល់បងប្អូនប្រជាកសិករ ក្នុងការលេីកទឹកចិត្ត និងជំរុញ ដេីម្បី៖
• ពង្រីក និងរៀបចំខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី សាងសង់ឃ្លាំងស្តុក លានហាល និងទិញម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេចដែលមានស្តង់ដារខ្ពស់។
• ទិញជី ឬផលិតជីកំប៉ុស់ដែលមានគុណភាព និងទិញថ្នាំដែលអាចយកមកប្រេីមិនប៉ះពាល់សុខភាពខ្លួន និងអ្នកដែលទទួលទានចុងក្រោយ
• ថែទាំដោយយកចិត្តទុកដាក់ខ្ពស់ ដោយសំអាតស្មៅ ជ្រោយដី ដាក់ទឹក និងដាំរុក្ខជាតិការពារស្រទាប់ដី។
ជាទីបញ្ចប់ បណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើស តំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន៕