ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​ដឹកនាំ​សហការី​ អញ្ជើញ ចុះ​ទស្សនកិច្ច​សិក្សា​ ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​ស្វាយ​ចន្ទី​ នៅ​ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក

2 កញ្ញា 2023

ខេត្ត​ព្រះវិហារ​៖​ រសៀលថ្ងៃ​សុក្រ ១ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ដឹកនាំ​សហការី​ អញ្ជើញ ចុះ​ទស្សនកិច្ច​សិក្សា​ ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​ស្វាយ​ចន្ទី​ នៅ​ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិជិអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
បច្ខុប្បន្នក្រុមហ៊ុនកំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដីចំនួន ១០០០ ហិកតា ហើយក្រុមហ៊ុនផ្ទាល់បានធ្វើការកែច្នៃស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត, ក្រុមហ៊ុន មានឃ្លាំងស្តុក ដែលអាចផ្ទុកបានដល់ចំនួន ៥ ពាន់តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ។
ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានបញ្ជាក់​ពី​ការ​ជួយ​គាំទ្រ​ដល់ក្រុមហ៊ុន និងលើកទឹកចិត្ត និងជម្រុញ​អោយក្រុមហ៊ុនបន្តការ​វិនិយោគ​ពង្រីកលើ​ការ​ដាំ​ដុះ​ និង​កែច្នៃ​ស្វាយ​ចន្ទី​ អោយបានកាន់តែច្រើន និងទូលំទូលាយ ដើម្បីសម្រេចអោយបានស្រប​តាម​គោល​នយោបាយ​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​៕