បុគ្គលិកនៃការិយាល័យចល័ត ខេត្តតាកែវ បានចូលរួមប្រជុំក្នុងវេទិកាសន្ទនា និង ការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃស្រូវ (T2T Network and Dialogue)
6 វិច្ឆិកា 2023
បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឩត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័ត ខេត្តតាកែវ បានចូលរួមប្រជុំក្នុងវេទិកាសន្ទនា និង ការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃស្រូវ (T2T Network and Dialogue) នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្រុមការងារគម្រោង AIMS នៃមន្ទីរ ពាណិជ្ជកម្ម ខេត្តតាកែវ ក្រោមអធិបតីភាពលោក សុខ មុនី អនុប្រធាន មន្ទីរ ពាណិជ្ជកម្ម ខេត្តតាកែវ តំណាងអោយ លោកប្រធានមណ្ឌលភូមិភាគនិរតី។ ដោយមានសមាសភាពអ្នកចូលរួមដូចជា : Deputy Hub-1, VCI, TAK PDoC, ARDB, AMRU Rice និង តំណាងក្រុមផលិត ហើយវេទិកានេះមានគោលបំណងដូចតទៅ:
១) ជំរុញក្នុងការភ្ជាប់ដៃគូអាជីវកម្មនៃតួអង្គឈ្មួញប្រមូលទិញស្រូវប្រណិតក្នុងតំបន់ជាមួយទីផ្សារទំនើប និងក្រុមហ៊ុនដែលមានសក្តានុពលនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
២) ពង្រឹងទំនាក់ទំនងតួអង្គពាក់ព័ន្ធខ្សែច្រវាក់តម្លៃ ជាពិសេសតួអង្គទីផ្សារ និងតួអង្គក្រុមផលិត ដើម្បីចែករំលែកបទពិសោធន៍ វិសាលភាព បញ្ហាប្រឈម និងស្វែងរកឱកាសកសាងភាពជាដៃគូអាជីវកម្ម។
៣) បង្កើតការសហការណ៍ដៃគូអាជីវកម្មនៅក្នុងតំបន់ដើម្បីលើកស្ទួយស្រូវប្រណិតប្រកបដោយនិរន្តភាពក្នុងការផលិត និងខ្សែច្រវាក់នៃការផ្គត់ផ្គង់។