កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ របស់ធនាគារ ARDB
12 ធ្នូ 2023
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, អគ្គនាយករង, និងសហការីក្រុមគ្រួសារធនាគារ ARDB ទាំងអស់សរុបចំនួន ២៤៨នាក់ ដែលបានចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី។
ឯកឧត្ដម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារARDB បានលើកឡេីងនាឱកាសបើកកម្មវិធីថា ដើម្បីគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាល គាំទ្របម្រែបម្រួលអាកាសធាតុ និងជំរុញដល់ការគាំទ្រដល់គម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត និងការជំរុញហិរញ្ញប្បទានបៃតងដើម្បីអភិវឌ្ឍន៍ដោយចីរភាព និងទាញចំណាប់អារម្មណ៍របស់បុគ្គលិកសម្រាប់ការរៀបចំផែនការ ការងាររបស់ខ្លួនឱ្យស្របតាមបរិបទថ្មី។
នាពេលបិទកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា រយៈពេល ២៥ឆ្នាំនេះ ធនាគារមានការវិវត្តច្រើន បើធៀបនឹងឆ្នាំកន្លងទៅ។ ជាក់ស្ដែងកាលពីដំបូងឡើយមានបុគ្គលិកតិច រហូតមកដល់បច្ចុប្បន្នមានបុគ្គលិកច្រើន។ ការវិវត្តនេះ គឺបង្ហាញពីការខិតខំប្រឹងប្រែងរបស់គ្រួសារ ARDB របស់ពួកយើងទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍៖«នៅឆ្នាំ២០២៣នេះ លទ្ធផលការមានការកើនឡើងជាងឆ្នាំមុន និងសម្រេចបានលទ្ធផលការងារច្រើន បើទោះបីមានបញ្ហាជំងឺកូវីដ-១៩។ ខ្ញុំសូមកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបុគ្គលិក ARDB ទាំងអស់ ដែលតែងតែខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ទទួលបានលទ្ធផលគួរជាទីមោទនៈ តាមផែនការអាជីវកម្ម ៣ឆ្នាំរំកិល»។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំដល់បុគ្គលិកដែលបានចូលរួមកិច្ចប្រជុំទាំងអស់ នឹងបន្តរៀបចំផែនការ និងយុទ្ធសាស្រ្តបន្ថែមទៀត ដើម្បីជំរុញឱ្យសម្រេចបាននូវផែនការការងាររបស់ខ្លួន និងធនាគារទាំងមូល សំដៅចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា៕