អបអរសាទរខួប ២៥ឆ្នាំ របស់ធនាគារ ARDB
15 ធ្នូ 2023
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានរៀបចំពិធីអបអរសាទរខួប ២៥ឆ្នាំ នៅសណ្ឋាគារហ្គាឌិនស៊ីធី នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ចើញចូលរួមជាអធិបតីពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់, ឯកឧត្តមបណ្ឌិតសភារ្យទេសរដ្ឋមន្រ្តី អ៊ុក រាប៊ុន, លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា, លោកជំទាវ សោម គីមសួរ ព្រមទាំងឯកឧត្ដមលោកជំទាវក្រុមប្រឹក្សាភិបាល, អគ្គនាយករង,និងសហការីក្រុមគ្រួសារធនាគារ ARDB ប្រមាណចំនួន ៥០០នាក់។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមន្នីរ័ត្ន បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានអាយុ ២៥ឆ្នាំហើយ ដែលបាននិងកំពុងបន្តកសាងនូវសមិទ្ធផលជាច្រើន ដោយបានបំពេញតួនាទីដំបូងជាធនាគារបោះដុំ ហើយបច្ចុប្បន្នត្រូវបានប្រែក្លាយ ជាធនាគារពាណិជ្ជដែលបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាពិសេស បានចូលរួមអនុវត្តគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលត្រូវបានដាក់ចេញ ដោយរាជរដ្ឋាភិបាល, នីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ប៉ិនប្រសប់,ស្វាហាប់ និង ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល។
នៅក្នុងឱកាសនោះដែរ ធនាគារARDB បានដាក់សម្ពោធជាផ្លូវការនូវសៀវភៅសមិទ្ធផលខួប25ឆ្នាំរបស់ARDB ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភារ្យ អូន ព័ន្ធមុន្នីរ័ត្ន។
ការអបអរសាទរគម្រប់ខួប 25ឆ្នាំរបស់ធនាគារARDB ប្រព្រឹត្តិណ៍ទៅប្រកបដោយបរិយាកាសសប្បាយរីករាយ៕