បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ចាម បានចូលរួមវេទិកាស្តីពី ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក
15 កុម្ភៈ 2024
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ចាម បានចូលរួមវេទិកាស្តីពី ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក របស់គម្រោង ACSEP នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ វេទិការនេះ មានគោលបំណង៖
- រៀបចំ និងផ្សព្វផ្សាយ អំពីស្តង់ដាគោលការណ៍ណែនាំផ្សេងៗ លើការអនុវត្តផលិតកម្មល្អ (GMP) និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (GHP/HACCP)។
- ធ្វើឱ្យប្រសើឡើងនូវការយល់ដឹង និងបង្កើនសមត្ថភាពដល់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មអំពីការអនុវត្ត GMP, GHP/HACCP។
- ចូលរួមគាំទ្រ និងបណ្តុះបណ្តាលដល់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រព្រឹត្តកម្ម ឧបករណ៍សម្ភារៈផ្សេងៗ រួមទាំងឃ្លាំងស្តុក។
- ផ្សព្វផ្សាយ និងបណ្តុះបណ្តាលគោលការណ៍ និងយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។
- ផ្សាភ្ជាប់ និងកសាងភាពជាដៃគូអាជីវកម្មបរិយាបន្នរវាង សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម។
- ផ្សព្វផ្សាយ អំពីការត្រួតពិនិត្យគុណភាពសុវត្ថិភាពចំណីអាហារ តាមរយៈការវិភាគដោយមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា